គម្រោងកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យ British Columbia University លើកិច្ចការងារស្រាវជ្រាវវិស័យបុរាណវិទ្យាដោយប្រើប្រាស់ឧបករណ៍ Ground Penetrating Radar (GPR) ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានបន្តសហការលើការសិក្សាស្រាវជ្រាវជាមួយស្ថាប័នអន្តរជាតិដែលអញ្ជើញមកពីសាកលវិទ្យាល័យប្រ៊ីតធិសកូឡុំប៊ែ ដឹកនាំដោយលោកស្រីបណ្ឌិត Sarah Klassen លើការងារស្រាវជ្រាវវិស័យបុរាណវិទ្យាដោយប្រើប្រាស់ឧបករណ៍ GPR ដើម្បីស្កេននៅទីតាំងចន្លោះពីប្រាសាទធំដល់អណ្តូងព្រេង ឬរាជវាំងបុរាណ ក្នុងគោលបំណងសិក្សាស្វែងយល់ពីការតាំងទីរបស់មនុស្សនាសម័យបុរាណ និងរចនាសម្ព័ន្ធសំណង់បុរាណមួយចំនួនដែលកប់បាត់ក្នុងស្រទាប់ដីចាក់បង្គរអស់ជាច្រើនសតវត្ស។ សូមបញ្ជាក់ថា គម្រោងកិច្ចសហការនេះមានរយៈពេល១០ថ្ងៃ ក្នុងការប្រមូលទិន្នន័យនៅទីកន្លែងដែលបានកំណត់ខាងលើ។ លក្ខណៈពិសេសនៃការប្រើប្រាស់ម៉ាស៉ីនស្កេននេះ គឺប្រើប្រាស់រលកវិទ្យុកម្មចាក់ចូលទៅក្នុងដី ដែលអាចឲ្យយើងដឹងនូវរចនាសម្ព័ន្ធគ្រឹះសំណង់ផ្សេងៗកប់ក្នុងដីដោយមិនចាំបាច់ធ្វើការកាយដីចេញ។
អត្ថបទ: ភិន ភក្តី