3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

ការងារបោះបង្គោលព្រំកំណត់តំបន់អភិរក្ស ឧទ្យានបុរាណវិទ្យា ធនធានធម្មជាតិ និងទេសភាពវប្បធម៌ រមណីយដ្ឋានប្រាសាទព្រះវិហារ

Monday, August 7, 2023 15:25 PM

អាជ្ញាធរជាតិព្រះវិហារ បានគ្រប់គ្រងរមណីយដ្ឋានប្រាសាទព្រះវិហារ ដោយផ្អែកលើផែនទីព្រះរាជក្រឹត្យ លេខ នស/រកត/០៨១១/៧៥២ ស្តីពី ការកំណត់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលបានចែកជាបួនតំបន់ ដោយបានទទួលកំរិតការពារអភិរក្ស និងអភិវឌ្ឍក្នុងតំបន់ខុសៗគ្នា

• តំបន់ ១ ជាតំបន់ប្រាសាទ សំខាន់ជាងគេក្នុងរមណីយដ្ឋានការពារ ហៅថាតំបន់ស្នូល ដែលត្រូវការពារកំរិតខ្ពស់បំផុត។

• តំបន់ ២ ជាតំបន់អភិរក្សឧទ្យានបុរាណវិទ្យា ធនធានធម្មជាតិ និងទេសភាពវប្បធម៌ ហៅតំបន់ទ្រនប់។

• តំបន់ ៣ ត្រូវបានចែកចេញជា២ តំបន់ដាច់ពីគ្នា គឺតំបន់(៣ក) និងតំបន់(៣ខ)

- តំបន់(៣ក)សម្បទានសង្គមកិច្ច ភូមិធម្មជាតិ

- តំបន់(៣ខ)តំបន់ការពារគម្របព្រៃឈើ ដែលស្របតាមផ្លូវជាតិលេខ៦២ ដីអាចប្រើប្រាស់បានមិនលើសពី១០០០ម៉ែត្រ អមសងខាងអ័ក្សផ្លូវ ដោយរក្សាគម្របព្រៃធម្មជាតិ៥០ម៉ែត្រពីសងខាងអ័ក្សផ្លូវ។

• តំបន់ ៤ ជាតំបន់បម្រុងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

អាជ្ញាធរជាតិព្រះវិហារបានដំឡើងបង្គោលព្រំ ក្នុងការកំណត់បញ្ជាក់ព្រំអភិរក្ស និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋអោយបានច្បាស់លាស់ ក្នងគោលបំណង់រក្សាការពារតំបន់អភិរក្សឧទ្យានបុរាណវិទ្យា ធនធានធម្មជាតិ និងទេសភាពវប្បធម៌រមណីយដ្ឋានប្រាសាទព្រះវិហារ បំរើវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាក់ស្ថែងនៅក្នុងឆ្នាំ២០១១ និងឆ្នាំ២០២១ ក្រុមការងារមន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងដីធ្លីនគរូបនីកម្ម និងអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអាជ្ញាធរមួយដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុង រមណីយដ្ឋានប្រាសាទព្រះវិហារ បានចុះបោះបង្គោលព្រំតំបន់អភិរក្សឧទ្យានបុរាណវិទ្យា ធនធានធម្មជាតិ និងទេសភាពវប្បធម៌(តំបន់២)អាជ្ញាធរជាតិព្រះវិហារ។

ការបោះបង្គោលព្រំកំណត់តំបន់អភិរក្ស(តំបន់២)អាជ្ញាធរជាតិព្រះវិហារ ធ្វើឡើងដើម្បីទប់ស្កាត់ការកាប់ទន្រ្ទានព្រៃយកដីអភិរក្សធ្វើស្រែចំការ កាប់បំផ្លាញព្រៃឈើ កាយជីកយកថ្ម នៅក្នុងតំបន់ការពារអភិរក្សរមណីយប្រាសាទព្រះវិហារ ពីសំណាក់ប្រជាពលរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ បច្ចប្បន្នអាជ្ញាធរជាតិព្រះវិហារបានធ្វើការដកហូតដីទន្រ្ទានខុសច្បាប់ និងធ្វើការដាំដើមឈើឡើងវិញ ក្នុងការថែរក្សាតំបន់អភិរក្សឧទ្យានបុរាណវិទ្យា ធនធានធម្មជាតិ និងទេសភាពវប្បធម៌រមណីយដ្ឋានប្រាសាទព្រះវិហារ។

Monday, August 7, 2023