3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Eco Museum

Eco Museum

Thursday, October 19, 2023

Eco Museum

សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាន​បង្កើតឡើងដើម្បីថែរក្សាការពារសម្បត្តិវប្បធម៌ និងតាំងបង្ហាញវត្ថុសិល្បៈជាតិពន្ធុវិទ្យា សំណាកសត្វ និងសំណាករុក្ខជាតិដែល​មានតម្លៃជាសិល្បៈ ប្រវត្តិសាស្ត្រ បុរាណវិទ្យា ព្រមទាំងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ។ សារមន្ទីរនេះបានផ្តួច​ផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសម្ភោធន៍ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ បានតាំងបង្ហាញអំពីអតីតកាលផ្នែកបុរាណវិទ្យា ចម្លាក់បដិមា​នរវិទ្យា ប្រវត្តិសាស្ត្រ វត្ថុសិល្បៈ និងការអភិរក្សវប្បធម៌ជនជាតិដើមភាគតិចកួយ ប្រភេទសត្វ និងរុក្ខជាតិក្នុងតំបន់ដើម្បីជា​ប្រយោជន៍ ចំពោះការសិក្សាស្រាវជ្រាវ ការអប់រំ ព្រមទាំងការផ្សព្វផ្សាយ។

សារមន្ទីរនេះបើកលក់សំបុត្រឲ្យភ្ញៀវចូលទស្សនាចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាចជារៀង​រាល់ថ្ងៃ។ តម្លៃសំបុត្រភ្ញៀវទេសចរជាតិ២០០០រៀល និងភ្ញៀវទេសចរអន្តរជាតិ៣ដុល្លារ។ សមុច្ច័យក្នុងសារមន្ទីរមានវត្ថុ​សិល្បៈចំនួន២៤០ ដែលធ្វើអំពីថ្មភក់ លោហធាតុ ឈើ កុលាលភាជន៍ ឫស្សី សំណាករុក្ខជាតិ សត្វ និងឆ្អឹង។ ក្នុងចំណោម​សមុច្ច័យទាំងនោះ គឺមានវត្ថុខ្លះដាក់តាំងពិព័រណ៍ និងវត្ថុខ្លះទៀតរក្សាទុកក្នុងឃ្លាំង និងអគាររោងជាង។ សារមន្ទីរមាន​អគារទាំងអស់ចំនួន៧ ដែលក្នុងនោះមានអគារចំនួន៥សម្រាប់ពិព័រណ៍។