3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Local food at Preah Vihear site

Local food at Preah Vihear site

Thursday, October 19, 2023

Local food at Preah Vihear site

បុកគ្រឿងខ្មៅ

ម្ហូបអាហារប្រពៃណីនៅតាមតំបន់ផ្សេងៗនៃខេត្ដនីមួយៗ  តែងតែកែច្នៃទៅតាមធនធាននិងចំណង់ចំណូលចិត្តរបស់អ្នកស្រុក។ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ  ប្រជាជនមួយចំនួនមានចំណេះដឹងធ្វើម្ហូបម៉្យាងហៅថា បុកគ្រឿងខ្មៅ ដែលផ្សំពីវត្ថុធាតុដើមចំនួន៩មុខដូចជា រំដេង គល់ស្លឹកគ្រៃ ម្ទេស ស្លឹកក្រូចសើច ខ្ទឹមក្រហម ខ្ទឹមស ប្រហុកឆ្អិន សណ្ដែកដី និងសាច់មាន់ ឬសាច់ត្រីអាំង។

គោលបំណងនៃការធ្វើម្ហូបបុកគ្រឿងខ្មៅគឺដើម្បីទុកហូបរយៈពេលយូរ ដោយសារអ្នកស្រុកព្រៃភ្នំត្រូវធ្វើដំណើរទៅព្រៃឬទៅស្រែចម្ការ ឆ្ងាយពីផ្ទះច្រើនថ្ងៃ ច្រើនខែ។ អ្នកស្រុកយកម្ហូប បុកគ្រឿងខ្មៅទៅបរិភោគដោយសាររក្សាទុកបានយូរ ហើយអាចហូបជាមួយអន្លក់ ឬស្លឹករុក្ខជាតិព្រៃផ្សេងៗដែលងាយស្វែងរក។    

ជាលទ្ធផល ម្ហូបបុកគ្រឿងខ្មៅ គឺផ្សំគ្រឿងដោយបន្លែ និងសាច់ផ្សេងៗដែលមាននៅក្នុងតំបន់គេរស់នៅ ហើយរក្សាទុកបានយូរសម្រាប់ហូបពេលទៅព្រៃ និងធ្វើចម្ការ។ អ្នកភូមិធ្វើស្ទើគ្រប់រដូវកាល ជាពិសេសចាប់ពីខែ វិច្ឆិកា រហូតដល់ខែមេសា ដែលជារដូវកាលពួកគាត់ទៅស្រែចម្ការ និងចូលព្រៃ។ អ្នកស្រុកដែលមានអាយុចាប់ពី៥០ឡើងទៅ ភាគច្រើនសុទ្ធតែចេះធ្វើម្ហូបបុកគ្រឿងខ្មៅនេះ។

នំវល្លិផោម

រុក្ខជាតិវល្លិផោម មានឈ្មោះជាវិទ្យាសាស្ដ្រថា Paederia  Scandents ច្រើនដុះនៅលើដីទំនាប ជារុក្ខជាតិវល្លិ​ ហើយវារលើដីឬតោងរុក្ខជាតិដ៏ទៃ។    ស្លឹករបស់វាស្រដៀងស្លឹកម្លូរ និងមានផ្កាពណ៌ស្វាយ។ ផ្កាមានរាងជាបំពង់ និងរីកឆែក។ ផ្លែសំប៉ែតរុំដោយត្របកផ្កា និងមានក្លិនស្អុយ។ រុក្ខជាតិនេះដុះនៅរដូវវស្សា ចេញផ្កានៅខែមករា និងទុំនៅខែឧសភា។​ ប្រជាជនរស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ នៅបន្តប្រពៃណីធ្វើនំវល្លិផោមនេះ។

គោលបំណងនៃការធ្វើនំវល្លិផោមគឺដើម្បីញាំជាអាហារសំរន់ និងរក្សាប្រពៃណីធ្វើនំនេះកុំឲ្យបាត់បង់ នៅពេលដែលរុក្ខជាតិនេះមានតាមរដូវកាល។ ទោះបីជារុក្ខជាតិវល្លិផោមមានក្លិនស្អុយក៏ពិតមែន  ប៉ុន្តែមើម និងស្លឹក គេអាចយកទៅធ្វើនំវល្លិផោមដ៏មានរស់ជាតិឆ្ងាញ់ពិសារ។