នៅតាមសហគមន៍មនុស្ស តែងតែមានមុខរបរចិញ្ចឹមជីវិតដែលអាស្រ័យផលទៅតាមធម្មជាតិ ដែលមាននៅក្នុងសហគមន៍នោះ។ ពោលគឺអ្នកដែលរស់នៅតំបន់ព្រៃភាគច្រើន តែងតែប្រកបរបរអាស្រ័យផលទៅលើព្រៃនោះ។ ជាក់ស្តែងរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងតំបន់ខ្ពង់រាប គ្របដណ្តប់ទៅដោយព្រៃឈើ មនុស្សដែលរស់នៅក្នុងតំបន់នោះបានទាញយកផលប្រយោជន៍ពីព្រៃឈើ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ថ្វីត្បិតប្រជាជននៅក្នុងតំបន់នេះភាគច្រើនមានប្រជាជនចំណូលស្រុកខ្លះ ដែលភាគច្រើនគឺជាអ្នកខេត្តសៀមរាប ប៉ុន្តែគេមានមុខរបរផ្សេងៗដែលផ្ដល់ចំណូលក្រៅពីធ្វើស្រែចម្ការ។
របរក្រងស្បូវភូមិកោះកេរ (កម្ពេច)
របរក្រងស្បូវជារបរមួយ ដែលប្រជាជនតំបន់កម្ពេច ក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារនិយមធ្វើបន្ទាប់ពីការងារស្រែចម្ការ។ ការក្រងស្បូវនេះត្រូវមានវត្ថុធាតុដើមសំខាន់ៗមួយចំនួនដូចជា ស្បូវ ដងកណ្តប ខ្សែចំណង និងក្រង់ក្រងស្បូវ។ មុននឹងក្រងស្បូវបាន គេត្រូវច្រូតស្បូវមកហាលទុកនៅចន្លោះខែធ្នូ ដល់ ខែមីនា ដែលមានប្រវែងចន្លោះពី១ម៉ែត្រ ទៅ ១ម៉ែត្រកន្លះ។ ស្បូវដែលច្រូតហើយ គេយកមកហាលឲ្យស្ងួតប្រហែលពី៣ទៅ៥ថ្ងៃ រួចចងជាបាច់ៗទុក។ ក្រោយពីប្រមូលស្បូវបានហើយ គេធ្វើដងកណ្តបសម្រាប់ក្រងស្បូវ ដែលដងកណ្តបនេះធ្វើពីដើមឫស្សីប្រវែង១ម៉ែត្រកន្លះ និងច្រៀកទំហំប្រមាណប៉ុនម្រាមដៃ។ ការក្រងស្បូវត្រូវមានខ្សែចំណងធ្វើអំពីសំបកដើមព្រៀល។ ចំពោះបច្ចេកទេសសក្រងស្បូវ គេយកស្បូវមកដាក់រាយលើក្រង់ ទើបដាក់ដងកណ្តបចូល។ បន្ទាប់មកចាប់ស្បូវ ដែលនៅលើក្រង់នោះមួយបាច់ទំហំប៉ុនមេដៃ ហើយដាក់លើដងកណ្តបត្រឹមពាក់កណ្តាលរបស់ស្បូវ រួចបត់ស្បូវជាពីរហើយយកខ្សែចំណងមករឹត រហូតដល់ពេញបានមួយកណ្តប។
គោលបំណងនៃការក្រងស្បូវគឺដើម្បីយកមកប្រកដំបូលផ្ទះ រោង ឬសំណង់ស្រាលផ្សេងៗទៀត។
ជាលទ្ធផល ក្នុងមួយថ្ងៃ គេអាចក្រងបានពី១០ ទៅ១៥កណ្តប ហើយក្នុងមួយកណ្តប គេអាចលក់បានម្លៃ ១០០០រៀល។ មុខរបរនេះអាចជួយសម្រួលជីវភាពប្រជាជនបានខ្លះនៅពេលទំនេរពី ការងារស្រែចំការ។ ស្បូវជាប្រភេទរុក្ខជាតិងាយរក ដុះច្រើននៅតំបន់ព្រៃ។