រមណីដ្ឋានប្រាសាទកោះកេរស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាតំបន់អតីតរាជធានីខ្មែរនាសតវត្សទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ និងព្រះរាជបុត្រព្រះអង្គ។ កោះកេរមានសំណង់ស្ថាបត្យកម្មប្រាសាទដ៏លេចធ្លោ ចម្លាក់រស់រវើក ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធក្រុងដ៏ល្អមួយ។ ប្រជាជនក្នុងតំបន់បានបន្តការរស់នៅតាំងពីដើមរហូតដល់បច្ចុប្បន្ន ហើយបន្តការប្រតិបត្តិជំនឿ ទំនៀមទំលាប់ ប្រពៃណី និងសាសនា ដោយផ្សារភ្ជាប់ជាមួយប្រាសាទ និងធម្មជាតិ។
បុណ្យភូមិក្នុងភូមិកោះកេរ (តំបន់កម្ពេច)
តំបន់កម្ពេចជាតំបន់មួយក្នុងភូមិកោះកេរតែងតែរៀបចំបុណ្យភូមិ ឬបុណ្យកំសាន្តភូមិក្រោយពេលប្រមូលផលរួចក្នុងកំឡុងខែធ្នូ និងខែមករា។ ពិធីបុណ្យនេះធ្វើឡើងនៅសាលាឆទានរួមមួយ ដែលគេបានសាងសង់សម្រាប់ធ្វើបុណ្យរួម។ ពិធីបុណ្យនេះមានរយៈពេលពីរថ្ងៃ។ នៅថ្ងៃទីមួយ ប្រជាជនជួបជុំគ្នានៅម៉ោង ២រសៀល ដើម្បីរៀបចំស្លាធម៌ បាយសី និងគ្រឿងរណ្តាប់ផ្សេងៗ ។ មុនរៀបចំ ប្រជាជនបាននាំគ្នាយករបស់របរមកជួយបុណ្យដូចជា ស្រូវ ប្រាក់ និងគ្រឿងភេសជ្ជៈ។ កិច្ចដំបូងនៃថ្ងៃទីមួយគឺពិធីលើកទង់ចំនួនពីរនៅខាងមុខសាលាឆទាន និងធ្វើកិច្ចប្រុងពលី។ បន្ទាប់ពីប្រុងពលីរួច គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងវេរភេសជ្ជៈប្រគេនព្រះសង្ឃជាកិច្ចបញ្ចប់ពិធីថ្ងៃទី១ ។ នៅថ្ងៃទីពីរ គេរៀបចំសែនម្ចាស់ទឹកម្ចាស់ដីដើម្បីសុំសេចក្តីសុខ ដែលមានសំណែនដូចជា បាយ សម្ល បង្អែម និងម្លូរស្លា។ កិច្ចនេះធ្វើឡើងនៅទិសឦសាននៃសាលាឆទាន។
គោលបំណងនៃពិធីបុណ្យភូមិនេះគឺដើម្បីប្រមូលភោគផលពីកសិកម្មក្រោយពេលច្រូតកាត់រួចប្រគេនដល់ព្រះសង្ឃដើម្បីប្រើប្រាស់ក្នុងវត្ត និងដើម្បីអរគុណដល់ម្ចាស់ទឹកម្ចាស់ដី ក៏ដូចជាសុំសេចក្តីសុខ។
លទ្ធផលបានពីពិធីបុណ្យភូមិនេះ គឺអ្នកស្រុកបានប្រគេនភោគផលដល់ព្រះសង្ឃដើម្បីប្រើប្រាស់ជាប្រយោជន៍វត្តបន្ទាប់ពីច្រូតកាត់ និងបានវេរចង្ហាន់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសបុណ្យកុសល ជូនសាច់ញាតិដែលបានចែកឋានទៅ។
ពិធីឡើងមេមត់ភូមិកោះកេរ
ជារៀងរាល់ឆ្នាំ ប្រជាជនក្នុងភូមិកោះកេរតែងតែធ្វើពិធីមួយនៅតាមផ្ទះហៅថា ពិធីឡើងមេមត់ ។ ពិធីនេះតែងធ្វើឡើងនៅក្នុងខែមាឃ ស្របពេលដែលផ្កាចាររីក ដែលអ្នកស្រុកនិយមហៅថា ខែមាឃផ្កាចារ។ ផ្កាចារមានសារៈសំខាន់សម្រាប់ពិធីឡើងមេមត់របស់អ្នកស្រុកក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ (រូបលេខ១)។ កិច្ចដែលទាក់ទងនិងផ្កាចារក្នុងពិធីឡើងមេមត់មានដូចជាបាញ់សេកដែលមកស៊ីផ្កាចារ និងកាច់ផ្កាចារសាពិដានជាដើម។ រូបស្នងមេមត់តែងតែយក ផ្កាចារមកសៀត ត្រចៀក និងហិតស្រង់ក្លិនក្នុងកំឡុងពេលកំពុងឡើងមេមត់ដែរ។
គោលបំណងនៃពិធីនេះគឺធ្វើឡើងនៅពេលដែលមានអ្នកជម្ងឺបានឈឺ ហើយពុំអាចព្យាបាលបានដោយថ្នាំបុរាណ និងសម័យ។ លើសពីនោះ គេពុំដឹងអំពីមូលហេតុណាមួយ ដែលបង្កដោយអ្នកតា អមនុស្ស ឬខ្មោចសាច់ញាតិសណ្តានរបស់គេ។ ដូច្នេះគេរៀចចំពិធីឡើងមេមត់នេះ ដើម្បីដោះស្រាយបញ្ហាជាមួយពពួកអមនុស្សទាំងនោះ។
ជាលទ្ធផល បន្ទាប់ពីសង់រោងមេមត់ រៀបចំគ្រឿងរណ្តាប់ និងធ្វើកិច្ចពិធីរួចមក គេក៏ដឹងថា មេមត់ទាមទាររកម្ហូបអ្វីអោយសែនឲ្យគេ។ បន្ទាប់ពីសែនម្ហូបរួច មេមត់ត្រូវការរាំលេងឲ្យសប្បាយ ស្លៀកសំលៀកបំពាក់ដែលគេចូលចិត្ត និងជួយព្យាបាលជំងឺដល់អ្នកភូមិតាមការស្នើសុំ។
បញ្ជាន់អារក្សភូមិកោះកេរ
ប្រជាជនក្នុងភូមិកោះកេរប្រកបរបរធ្វើស្រែចម្ការ និងអាស្រ័យអនុផលផលព្រៃឈើ។ ជីវភាពរស់នៅ ប្រជាជនក្នុងភូមិនេះមានជំនឿទៅលើអារក្ស អ្នកតា ខ្មោច ព្រាយ បិសាច និងពពួកអមនុស្សផ្សេងៗ។ ពួកគេជឿថា ពពួកអមនុស្សមានពិត ហើយរមែងតែងតែតាមយាយីពួកគេ ដោយបង្កឲ្យមានជំងឺឈឺស្កាត់ដោយប្រការណាមួយ។ កាលណាគេយល់ថាជំងឺនោះត្រូវបានបង្កឡើងដោយ ពពួកអមនុស្ស គេតែងធ្វើពិធីមួយដែលហៅថា បញ្ជាន់អារក្ស។
គោលបំណងនៃពិធីបញ្ជាន់អារក្សគឺដើម្បីប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស និងអមនុស្សដើម្បីសួររកហេតុផលនៃជំងឺ និងស្វែងរកដំណោះស្រាយ ផ្សេងៗតាមការទាមទារបស់ពពួកអមនុស្ស ទើបធ្វើឲ្យជំងឺធូរស្បើយ។ លើសពីនោះ ពិធីបញ្ជាន់អារក្សនៅភូមិកោះកេរនេះ ធ្វើឡើងដើម្បីផ្ទេររូបស្នងពីជីដូនទៅកូន ឬចៅ ។ ពិធីនេះពុំមានរៀបចំគ្រឿងរណ្តាប់អ្វីច្រើនទេ ពោលគឺមានតែបាយសី២គូរ ទៀន២ ធូប១ដុំ ស្រាស១ដប ទឹកក្រូច១ដប និងអង្ករមួយចានដែលមាន ម្លូរ៤សន្លឹក ទៀន១គូរ ធូប៣ដើម និងប្រាក់មួយសន្លឹក។ ពិធីបញ្ជាន់អារក្សធ្វើឡើងនៅពេលក្បាលព្រលប់ ជាពេលដែលព្រះអាទិត្យលិច ដោយគេយល់ថាកាលណាគ្មានព្រះអាទិត្យទើបពពួកអមនុស្សចេញដើរ។
ជាលទ្ធផល គេដឹងថាអមនុស្សដែលធ្វើឲ្យអ្នកជំងឺឈឺគឺជាអ្នកណា ហើយត្រូវការអ្វីពីអ្នកជំងឺ។ អ្នកជំងឺត្រូវសន្យាទៅតាមសេចក្តីត្រូវការ និងការទាមទារបស់អមនុស្សដើម្បីឲ្យជាជំងឺ។ ការទាមទា របស់អមនុស្សទាំងនោះច្រើនជារបស់ហូបចុក និងថ្វាយភ្លេងឲ្យខ្លួនសប្បាយជាដើម។ កាលដែលប្រាស្រ័យទាក់ទងគ្នាដឹងសាច់រឿងចប់ហើយ រូបស្នងនោះក៏យកខ្សែអំបោះដែលនៅនឹងផ្តិលទៅចងឲ្យអ្នកជម្ងឺ ហើយស្ដោះផ្លុំទៅកាន់អ្នកជំងឺបន្ថែមទៀត ក្នុងគោលបំណងព្យាបាលជំងឺ។
ពិធីឡើងអ្នកតាភូមិសំបូរ
ប្រជាជននៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ មានជំនឿជាច្រើនដែលពួកគេតែងតែគោរពប្រតិបត្តិជាប្រចាំ ក្នុងនោះគឺ ពិធីឡើងអ្នកតា។ អ្នកតាត្រូវបានគេចាត់ទុកជាបុព្វបុរសប្រចាំតំបន់ ព្រោះជាអ្នកដំបូងគេដែលបង្កើតភូមិករឡើង ជាអ្នករានដីព្រៃឲ្យប្រែក្លាយឲ្យមកជាដីភូមិ ដែលអាចរស់នៅ និងបង្កបង្កើនផលបាន។ ប្រជាជនភូមិសំបូរក្នុងតំបន់រមណីដ្ឋានប្រាសាទកោះកេរតែងតែប្រារព្ធពិធីឡើងអ្នកតាក្នុងខែមាឃជារៀងរាល់ឆ្នាំ ។
គោលបំណងនៃពិធីឡើងអ្នកតានៅភូមិសំបូរគឺដើម្បីសុំសេចក្ដីសុខក្នុងការរស់នៅ និងទទួលបានផលច្រើនពីការប្រកបរបរធ្វើស្រែចំការពីអ្នកតាម្ចាស់ទឹកម្ចាស់ដី។ ក្នុងនោះគេធ្វើ កិច្ចបញ្ជាន់អារក្ស ដើម្បីប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកតា និងធ្វើកិច្ចដេញឧបទ្រពចង្រៃពីក្នុងសហគមន៍របស់ពួកគេរស់នៅ តាមរយៈកិច្ចមួយក្នុងពិធីឡើងអ្នកតានោះ ដែលគេហៅថា កិច្ចដេញរមល់របាល។ កិច្ចដេញរមល់របាលនេះ គឺគេតម្រូវឲ្យមានមនុស្ស២នាក់គូរមុខអាក្រក់ តំណាងយក្ស សែងស្នែងដាក់របស់របរ ហើយឧបកិច្ចថាជាឧបទ្រពចង្រៃដែលតាមយាយីរាតត្បាតមនុស្សក្នុងភូមិ។ បន្ទាប់មក គេដើរហែរក្បួនទៅតាមផ្ទះក្នុងភូមិទាំងមូល ហើយម្ចាស់ផ្ទះត្រូវយកម្ហូបអាហារ ស្រូវ អង្ករ គ្រឿងបរិភោគផ្សេងៗ និងភេសជ្ជៈ ដាក់ក្នុងស្នែងនោះ។ ពេលដាក់គ្រឿងរណ្តាប់សំណែនទាំងនោះរួចរាល់ ម្ចាស់ផ្ទះត្រូវបាចអង្ករទៅលើតួអង្គយក្សនោះ ដើម្បីបញ្ជៀសឧបទ្រពចង្រៃ។ បន្ទាប់ពីដង្ហែទៅគ្រប់ផ្ទះហើយ គេក៏បាននាំគ្នាទៅកាន់ខ្ទមអ្នកតា រួមជាមួយគ្រឿងសំណែនដែលប្រមូលបានទាំងអស់។ នៅពេលដែលជួបជុំអស់ហើយ កិច្ចបន្ទាប់គឺជា កិច្ចសែនលាន ទៅកាន់អ្នកតាសោម ដែលជាអ្នកតាដែលគេគោរពនៅក្នុងភូមិសំបូរ។ កិច្ចសែនលាននេះមានគ្រឿងរណ្តាប់ដែលគេប្រមូលបានតាមផ្ទះ រួមទាំង ស្រូវ និងអង្ករ មកដាក់សែនព្រេននៅក្នុងខ្ទមអ្នកតា។ កិច្ចនេះចង់បង្ហាញពីការដឹងគុណ និងជប់លៀងជូនម្ចាស់ទឹកម្ចាស់ដី និងបង្ហាញពីភាពសម្បូរសប្បាយនូវគ្រឿងបរិភោគ របស់ប្រជាជនក្នុងសហគមន៍។ កិច្ចបន្ទាប់គឺបញ្ជាន់អារក្ស បញ្ជូលរូបអ្នកតាដើម្បីសុំសេចក្ដីសុខ និងពិសេសស្នើសុំទឹកភ្លៀង។
ជាលទ្ធផលនៃពិធីឡើងអ្នកតា នឹងធ្វើឲ្យប្រជាជនក្នុងសហគមន៍មានសេចក្តីសុខផ្លូវចិត្ត ទទួលបានការព្យាបាលជំងឺពីអ្នកតា ជៀសផុតពីឧបទ្រពចង្រៃ នឹងទទួលបានភោគផលច្រើន ។
ពិធីបុណ្យផ្កាស្រូវនៅវត្តស្រយង់
ប្រជាជននៅឃុំស្រយង់តែងធ្វើពិធី បុណ្យផ្កាស្រូវ រយៈពេល២ថ្ងៃនៅក្រោយរដូវច្រូតកាត់។ នៅថ្ងៃទី១ អ្នកស្រុករៀបចំទីកន្លែងមួយហៅថា រាជវ័តិ ដែលធ្វើពីចម្រៀកឬស្សី ឬឈើខ្វែងអបជារបងព័ទ្ធជុំវិញ និងមានច្រកចេញនៅទិសខាងលិច ដោយកំណត់ថាជាកន្លែងពិសិដ្ឋសម្រាប់ធ្វើកិច្ច។ នៅជ្រុងឦសាននៃរាជវ័តិ មានរៀបចំគ្រឿងរណ្តាប់សំណែន សម្រាប់ធ្វើកិច្ចប្រុងពាលី។ ចំណែកឯនៅទិសខាងត្បូង អ្នកភូមិចាក់បង្គរស្រូវចំនួន៥ពំនូក ដោយ៤ពំនូកដាក់នៅតាមជ្រុងទាំង៤ និងមួយពំនូកទៀតធំជាងគេដាក់នៅចំកណ្តាល។ ភ្នំស្រូវធំជាងគេនោះមានដាក់សសរមួយដើមនៅចំកណ្តាល និងមានលម្អក្រណាត់សពីលើ។ ក្រោយពីរៀបចំគ្រឿងរណ្តាប់ ទីកន្លែងប្រារព្ធចប់ស្រេចបាច់ហើយ ក្រុមអាចារ្យ និងចាស់ទុំក្នុងភូមិចាប់ផ្តើមធ្វើកិច្ចប្រុងពាលី និងសែនដូនតា។ បន្ទាប់មក គេធ្វើកិច្ចបំបួសភ្នំស្រូវ ដែលមានភាពស្រដៀងគ្នា ជាមួយការបំបួសភ្នំខ្សាច់ដែរ។ គេសន្មត់ភ្នំស្រូវសប្បនិម្មិត ទាំងនោះឲ្យក្លាយជាវត្ថុពិសិដ្ឋសម្រាប់ធ្វើការបូជា។ នៅថ្ងៃទី២ មានកិច្ចវេរចង្ហាន់ប្រគេន ព្រះសង្ឈដើម្បីសូត្រវេរ និងផ្សឹកភ្នំស្រូវ។ នៅក្នុងកិច្ចផ្សឹកភ្នំស្រូវ គឺតាអាចារ្យបានប្រកាសថាភ្នំស្រូវនេះបានក្លាយជាវត្ថុសាមញ្ញវិញ ហើយអាចយកទៅប្រើប្រាស់បាន។
គោលបំណងនៃបុណ្យផ្កាស្រូវនេះគឺរៀបចំដើម្បីថ្លែងអំណរគុណដល់អ្នកតាម្ចាស់ទឹកម្ចាស់ដីដែលបានផ្តល់ដី និងទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម និងផ្តល់ភោគផលបានច្រើន។ លើសពីនោះ អ្នកស្រុកនាំគ្នាយកស្រូវទៅប្រគេនព្រះសង្ឈសម្រាប់ប្រើប្រាស់ក្នុងវត្តតាមការគួរ ដោយអាចយក ទៅប្តូរជាលុយកាក់ឬសម្ភារៈផ្សេងៗ។
ជាលទ្ធផលតាមកិច្ចសម្ភាសន៍ជាមួយក្រុមគណៈកម្មាធិការអាចារ្យវត្តបានឲ្យដឹងថា ស្រូវសរុប យ៉ាងតិច១០តោនត្រូវបានប្រមូលក្នុងមួយឆ្នាំៗ។