ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមជាមួយប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីមួយចំនួនទៀត បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់របស់លោក Yogendra CHHETRI (UNISCO Finance and Admin Officer) អំពីផែនការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ពីសម័យសង្គ្រាម កិច្ចការងារអភិរក្ស និងការអភិវឌ្ឍន៍ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ មន្ត្រីនៃអាជ្ញាធរជាតិព្រះវិហារបានបង្ហាញពីផែនទីទិន្នន័យបោសសម្អាតគ្រាប់មិនទាន់ផ្ទុះរបស់អាជ្ញាធរជាតិកំចាត់មីន ហៅកាត់ថា CMAC ដែលបានធ្វើកន្លងមក និងគម្រោងផែនការបោសសម្អាតលើផ្ទៃដីចំនួនបី ដែលមិនទាន់បានសម្អាតគ្រាប់មិនទាន់ផ្ទុះក្នុងតំបន់អភិរក្សទី១ ឬតំបន់ស្នូល។ ក្នុងដំណើរទស្សនកិច្ចនោះដែរ លោកក៏បានអញ្ជើញទៅទស្សនាប្រាសាទសំខាន់ៗមួយចំនួននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេររួមមាន ប្រាសាទលិង្គទី១ ក្រុមប្រាសាទធំ ប្រាសាទតាម៉ែន អណ្តូងព្រេង ព្រមទាំងបានអញ្ជើញមើលស្ថានភាពរស់នៅរបស់អ្នកភូមិកោះកេរ និងភូមិរំចេក រួមទាំងផ្លូវបុរាណសម័យអង្គរនៅភាគខាងជើងរមណីយដ្ឋានប្រាសាទកោះកេរ។