អាជ្ញាធរជាតិព្រះវិហារ សម្របសម្រួលរៀបចំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩ នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសកម្មភាពគម្រោង ក្នុងបេសកកម្មត្រួតពិនិត្យគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពី ឯកឧត្តម កឹមរដ្ឋ វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសង្គមស៊ីវិល និងជានាយកគម្រោង និងលោក កូវ មុនីរតន៍ ប្រធានក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងឯកឧត្តម អស់លោក-លោកស្រី មកពីសម្ព័ន្ធសង្គមស៊ីវិល ធនាគារអភិវឌ្ឍន៍អាស៉ីADB អាជ្ញាធរជាតិព្រះវិហារ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន សរុបចំនួន៤៨នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កឹមរដ្ឋ វិសិដ្ឋ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពរបស់គម្រោង ដែលទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្ដមបានបន្ថែមថា មជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិទំនប់អូរស្វាយនេះ ជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ទាក់ទាញភ្ញៀវទេសចរមកសម្រាកលំហែកាយជាមួយទេសភាពធម្មជាតិ បន្ទាប់ពីការទស្សនាប្រាសាទព្រះវិហារ។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់គណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ឱ្យយកចិត្តទុកដាក់ថែទាំមជ្ឈមណ្ឌលទេសចរណ៍នេះឱ្យបានល្អ ជាពិសេសត្រូវបង្កើននូវសោភ័ណភាព ទេសភាពបៃតង និងបរិស្ថាននៅក្នុងបរិវេណទំនប់អូរស្វាយនេះបន្ថែមទៀត។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួច ឯកឧត្តមក៏បានអញ្ជើញកាត់ខ្សែបូរសម្ភោធដាក់ឱ្យប្រើប្រាស់ ទីតាំងមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិទំនប់អូរស្វាយចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ផងដែរ ការអនុវត្តគម្រោងស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩ មានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្រោមជំនួយថវិការបស់រដ្ឋាភិបាលជប៉ុន និងមើលការគ្រប់គ្រងទូទៅដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។