ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមដំណើរដោយឯកឧត្តម ហែម ស៉ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។
ក្នុងដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការងារនាពេលនោះរួមមាន ការងារសាងសង់ជណ្តើរដែក នៅចំណុចជណ្តើរបុរាណខាងកើតប្រាសាទព្រះវិហារ, ត្រួតពិនិត្យការងារអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង គោបុរៈទី៥, ត្រួតពិនិត្យទីតាំងដាក់ជើងហ្រ្គេននៅគោបុរៈទី៥, ត្រួតពិនិត្យទីតាំងជាក់ស្តែងដែលខាងភាគីចិនបានស្នើសុំដាក់ទីតាំងដើម្បីជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ, ការងារគ្រោងសាងសង់កម្រាលឈើ នៅចំណុចប៉ើយតាឌី, ត្រួតពិនិត្យការងារជួសជុលស្ពានហាល គោបុរៈទី២ និងការងារគ្រោងសាងសង់បន្ទប់ទឹកនៅខាងលិចគោបុរៈទី៤,ពិនិត្យទីតាំងគ្រោងសាងសង់ស្ពានឆ្លងកាត់ផ្លូវទឹកដាច់ ចំណុចចំណតឡាន ទៅកាន់ស្ពានហាលខាងលិចគោបុរៈទី៥ ព្រមទាំងការងារសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យសំបុត្រ នៅជើងភ្នំ។ បន្ទាប់ពីត្រួតពិនិត្យលទ្ធផលការងារនៅលើភ្នំនៃរមណីយដ្ឋានប្រាសាទព្រះវិហាររួចរាល់ ឯកឧត្តមអគ្គនាយក និងសហការីបានបន្តចុះមកត្រួតពិនិត្យការងារសាងសង់បន្ទប់ទឹក នៅសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ និងមណ្ឌលបដិសណ្ឋារកិច្ច នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។
ជាមួយគ្នានេះឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងអស់ដែល មន្រ្តី និងអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារសម្រេចបាននាពេលនេះ ទាំងកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។ ទោះជាបែបនេះក្តីឯកឧត្តមអគ្គនាយកក៏បានជម្រុញដល់អ្នកបច្ចេកទេស និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តន៍ការងារដែលនៅសេសសល់អោយបានចប់សព្វគ្រប់ឆាប់ៗខាងមុខនេះ ដើម្បីធ្វើអោយប្រសើរឡើង និងលើកតម្លៃបេតិកភណ្ឌពិភពលោកមួយនេះកាន់តែលេចធ្លោរជាសាកល។