ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារផែនទីហានិភ័យ ដឹកនាំដោយ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងជាប្រធានក្រុមការងារសិក្សារៀបចំកសាងឯកសារផែនទីហានិភ័យប្រាសាទព្រះវិហារ បានដឹកនាំមន្រ្តីជំនាញ នៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា, នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក, នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគន៍, និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានចុះសិក្សាស្វែងយល់អំពី ស្ពានហាលខាងលិច ចាប់ពីចំណតឡានរហូតដល់ផ្នែកខាងលិចគោបុរៈទី៥ ប្រាសាទ ព្រះវិហារ ដើម្បីរៀបចំលើកផែនការគ្រប់គ្រង ស្រាវជ្រាវ អភិរក្ស និងពិនិត្យលទ្ធភាពសាង សង់ស្ពានថ្មីនៅផ្នែកខាងលិចនៃស្ពានហាលខាងលិច។ ការសិក្សានេះគឺផ្អែកតាមលទ្ធផលការសិក្សា និងវាយតម្លៃពីកម្រិតហានិភ័យកាលឆ្នាំ២០២១កន្លងមក និងអនុសាសន៍របស់ អ្នកជំនាញការអាដហុក (Ad Hoc) នៃអង្គការយូណេស្កូកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។
បន្ទាប់ពីសិក្សាស្វែងយល់ស្ថានភាពនៅទីតាំងផ្ទាល់ លោកប្រធានក្រុមការងារបានស្នើ អោយនាយកដ្ឋានពាក់ព័ន្ធរៀបចំរបាយការណ៍ផលប៉ះពាល់ ដំណោះស្រាយ និងសិក្សាប្លង់ បច្ចេកទេសស្ពានច្រើនជម្រើសដើម្បីសុំយោបល់បច្ចេកទេសពីក្រុមអ្នកជំនាញនៃអង្គការយូណេស្កូ មុនអនុវត្តការងារបន្ត។ សូមបញ្ជាក់ថា៖ ការសាងសង់ស្ពានថ្មីភ្ជាប់ស្ពានហាលខាងលិចទៅស្ពាននាគ និងគោបុរៈទី៥នេះ គឺដើម្បីលើកតម្លៃស្ពានហាលខាងលិច និងរៀបចំផ្លូវទេសចរណ៍ថ្មី។
អត្ថបទ៖ អុល សំអាន
រូបភាព៖ អ៊ា ដារិទ្ធ