នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានចូលជាអធិបតីក្នុងការរៀបចំរំលឹកខួប១៥ឆ្នាំរបស់អង្គការ PVAJ (Preah Vihear Association Japan) ដឹកនាំដោយលោក Morita Noritada និង លោក Ito Kazumasa ដែលបានមកជួយជ្រោមជ្រែងនិងអភិវឌ្ឍន៍សហគមន៍ក្នុងភូមិធម្មជាតិ ឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងពិធីរំលឹកខួបនេះក៏មានការចូលរួមពីមន្ត្រីរបស់អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារ PVAJ ប្រជាសហគមន៍២៧នាក់មកពីភូមិធម្មជាតិ និងកិច្ចសំណេះសំណាលរំលឹកសកម្មភាពធំៗកន្លងមកដែលក្រុមការងារ PVAJ ជប៉ុន បានធ្វើកន្លងមកនៅសហគមន៍ភូមិធម្មជាតិនេះ។ លើសពីនេះ អ្នកជំនាញកសិកម្មរបស់អង្គការ PVAJ ក៏បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍បច្ចេកទេសដាំដំឡូងផ្អែមជប៉ុន ត្រសក់ផ្អែមជប៉ុន និងស្រូវជប៉ុនដល់កសិករដែលបានមកចូលរួម និងបានដាំដើមកូនឈើក្នុងសួនផ្កាធម្មជាតិរបស់អាជ្ញាធរជាតិព្រះវិហារចំនួន១៥ដើម តំណាងឲ្យកិច្ចសហប្រតិបត្តិការរយៈពេល១៥ឆ្នាំ រវាងអាជ្ញាធរជាតិព្រះវិហារ និងក្រុមការងារ PVAJ ព្រមជាមួយការដាំផ្កាម្លិះចំនួន២០០ដើម នៅក្នុងបរិវេណសួនមិត្តភាព។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម គង់ ពុទ្ធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងប្រកាសគាំទ្រដល់ការចូលរួមរបស់ក្រុមការងារ PVAJ ជប៉ុន ដែលបានជួយដល់ការអភិវឌ្ឍសហគមន៍ និងការផ្តល់ឱកាសសម្រាប់កសិករភូមិធម្មជាតិ ក៏ដូចជាភូមិដទៃទៀតនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។