ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីអបរំផ្សព្វផ្សាយបេតិកភណ្ឌ លើកទី២ នៅរមណីយដ្ឋានប្រាសាទកោះកេរ ដល់សិស្សានុសិស្សមកពីសាលាបឋមសិក្សាស្រយង់ថ្នាក់ទី៦ ចំនួន២០នាក់ (ស្រី១២ នាក់)។ កម្មវិធីនេះរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សទទួលចំណេះដឹងអំពី ប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ គុណតម្លៃព្រៃឈើ និងការគ្រប់គ្រងការសំណល់នៅរមណីយដ្ឋានប្រាសាទកោះកេរ។ កម្មពិធីនេះ បានរៀបចំដោយមានការធ្វើបទបង្ហាញនៅសាលារៀនផ្ទាល់ និងបន្តទស្សនកិច្ចសិក្សា ផាត់គំនូរពណ៌នៅខាងមុខប្រាសាទស្រុត ទស្សនាប្រាសាទក្រហម និងប្រាសាទធំ និងចុងក្រោយទៅថ្នាលបណ្តុះកូនឈើ។ ក្រោយឆ្លងកាត់ការអប់រំបេតិកភណ្ឌនេះរួច សិស្សានុសិស្សបានយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្លះៗនៃរមណីយដ្ឋានប្រាសាទកោះកេរ ការចេះទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ និងស្វែងយល់ពីតម្លៃនៃព្រៃឈើ។