3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Development

ការជម្រុញប្រជាកសិករឲ្យអនុវត្តបច្ចេកទេស ដាំដុះតាមរយៈប្រព័ន្ធកសិរុក្ខកម្មស្ថិតនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ

Tuesday, August 8, 2023 08:51 AM

អាជ្ញាធរជាតិព្រះវិហារបច្ចុប្បន្នបានជម្រុញដល់ប្រជាកសិករក្នុងឃុំស្រអែមដែលស្ថិតនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ អនុវត្តបច្ចេកទេសដាំដុះតាម​រយៈប្រព័ន្ធកសិរុក្ខកម្មក្នុងគោលបំណង ប្រើប្រាស់ដីអស់លទ្ធភាព រក្សាគុណភាព​ដី ទទួលបាន​ផល​ចម្រុះ និងគ្រប់​រដូវ ធានាសន្តិសុខស្បៀង បង្កើនប្រាក់​ចំណូល ធានា​ការប្រើប្រាស់ដីបាន​យូរអង្វែង កាត់បន្ថយ​ហា​និភ័យទីផ្សារ និងបន្សាំនឹង​ការប្រែប្រួល​​អាកាស​ធាតុ។ ប្រព័ន្ធកសិរុក្ខកម្ម គឺការដាំលាយ​គ្នាចម្រុះចូលគ្នារវាងដើមឈើហូបផ្លែ និងដំណាំបន្លែ ដោយ​ដាំឆ្លាស់គ្នាជាជួរ ឬចម្រុះគ្នាជាផែនៗ ហើយញឹក​ញាប់មានលាយ​ប្រភេទ​ឈើព្រៃជាមួយផង និង/ឬ សត្វចិញ្ចឹមផងដូចជា គោ-ក្របី មាន់ ទា និងឃ្មុំជាដើម។ តាមរយៈប្រព័ន្ធកសិរុក្ខកម្មនេះ ប្រជាកសិករអាច ដាំដើមឈើហូបផ្លែជាជួរតាមទិសពីកើត ទៅលិចហើយដំណាំតាមរដូវអាចដាំជារងឆ្លាស់ និងឃ្លាតពីដើមឈើហូបផ្លែចម្ងាយពី១ទៅ១,៥ម៉ែត្រ ដើម្បី​អាចប៉ះត្រូវពន្លឺព្រះអាទិត្យបានល្អ។ ក្នុងដំណាក់កាលដាំឈើហូបផ្លែ១ទៅ៤ឆ្នាំដំបូង ពេលមានពន្លឺ​ចាំង​ចូលដី​គ្រប់គ្រាន់ នោះអាចដាំដំណាំត្រូវការពន្លឺ ឬដំណាំផ្តល់​ម្លប់ដល់​ដីដូចជា ម្ទេស ស្ពៃ ត្រកួន ចេក និងល្ហុង។ ចាប់ពី៤ឆ្នាំ​ឡើង ឈើហូប​ផ្លែមានកន្សោមស្លឹកធំគ្របលើដី​ភាគច្រើន នោះ​យើងអាច​ដាំប្រភេទ​ធននឹងម្លប់ដូចជា រំដេញ ខ្ញី រមៀត និងម្នាស់​។ បើសិនជាឈើហូបផ្លែក្នុងចម្ការចាស់ត្រូវការកាត់ក្រីមែករាល់ឆ្នាំ នោះ​ដំណាំតាមរដូវដែលចូលចិត្ត​ពន្លឺអាចដាំបញ្ចូលជាមួយបាន។ ការអនុវត្តកសិរុក្ខកម្មត្រូវចាំបាច់ត្រូវគិតលើកត្តាសំខាន់ៗមួយចំនួនដូចជា

- ប្រភេទដី ជាប្រភេទដីខ្សាច់ ដីឥដ្ឋ ឬដីក្រហម

- រយៈកម្ពស់ដូចជា តំបន់វាលទំនាប ឬតំបន់ភ្នំ

- កម្រិតកម្ពស់ទឹកភ្លៀង

- សណ្ឋានដីដូចជា ទាប, ខ្ពស់ ជាំទឹកខែវស្សា និងមាត់ទឹក

- បរិមាណផ្គត់ផ្គងទឹកសម្រាប់ស្រោចស្រព

- ប្រភេទដំណាំចូលចិត្តពន្លឺថ្ងៃ ឬធននឹងម្លប់

- តម្លៃសេដ្ឋកិច្ចដូចជា លទ្ធភាពថែរក្សាផលិតផល តម្រូវការទីផ្សារ និងការដឹកជញ្ជូន

Tuesday, August 8, 2023