រមណីយដ្ឋានប្រាសាទព្រះវិហារត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៣ មេសា ឆ្នាំ២០០៦ ដោយព្រះរាជក្រឹត្យ គិតមកត្រឹមពេលនេះមានរយៈពេល១៦ឆ្នាំមកហើយ ។ បច្ចុប្បន្ននេះអាជ្ញាធរជាតិព្រះវិហារបានបញ្ជូនមន្រ្តីចម្រុះនាយកដ្ឋានជាច្រើនរូបដើម្បីចាប់ផ្តើមចូលទៅគ្រប់គ្រងការងារទូទៅទាំងកិច្ចការងារអភិរក្ស និងការងារអភិវឌ្ឍ។ អាជ្ញាធរជាតិព្រះវិហាររបាននឹងកំពុងបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ហេតុដូច្នេះចំនួនបុគ្គលិកក៏មានការកើនឡើងផងដែរ។ ក្នុងនោះដែរអគារស្នាក់នៅចាស់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារត្រូវបានជួសជុលដើម្បីផ្តល់ជូនដល់មន្រ្តីស្នាក់នៅបានមួយចំនួនតូចផងដែរ។ ដោយឡែកដោយមានការកើនឡើងនៃចំនួនបុគ្គលិកទើបទីកន្លែងស្នាក់នៅមានការខ្វះខាតព្រោះភាគច្រើនពួកគាត់សុទ្ធសឹងតែមានទីលំនៅតាមបណ្តាខេត្តឆ្ងាយៗ។ ដោយយោងទៅតាមស្ថានភាពជាក់ស្តែងយើងសង្កេតឃើញថាកត្តាទាំងនេះពិតជាផ្តល់ផលលំបាកដល់មន្ត្រីដែលត្រូវបំរើការក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ទើបអាជ្ញាធរជាតិព្រះវិហារសាងសង់អាគារស្នាក់នៅបន្ថែមដើម្បីសម្រួលដល់ការងាររបស់ពួកគាត់។
គោលបំណងនៃការសាងសង់អគារស្នាក់នៅបុគ្គលិកអាជ្ញាធរជាតិព្រះវិហារដែលមានកម្ពស់២ជាន់ (១២បន្ទប់) គឺដើម្បីជួយសម្រួលក្នុងការស្វែងរកទីកន្លែងស្នាក់នៅរបស់បុគ្គលិកដែលមកពីបណ្តាខេត្តឆ្ងាយៗ។ ម៉្យាងវិញទៀតគឺដើម្បីជួយកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយកំរិត។ ជាពិសេសគឺការរស់នៅជួបជុំគ្នាក្រោមដំបូលតែមួយប្រៀបដូចជាបងប្អូនបានផ្តល់ឱកាសឲ្យបុគ្គលិកមានភាពស្និទស្នាលរវាងគ្នានឹងគ្នាទាំងការរស់នៅ និងការងារ។
សូមជម្រាបជូនថា អគារស្នាក់នៅបុគ្គលិកអាជ្ញាធរជាតិព្រះវិហារដែលមានកម្ពស់២ជាន់ (១២បន្ទប់) ត្រូវបានសាងសង់ក្នុងឆ្នាំ២០១៨ និងបានដាក់សម្ពោធអោយប្រើប្រាស់កាលពីថ្ងៃ ទី០៨ ធ្នូ ២០២១ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។