នៅឆ្នាំ២០០៩ ក្រុមការងារពិសេសថ្នាក់ជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិព្រះវិហារបានសាងសង់ជណ្តើរឈើ (ខាងកើត) ស្របនឹងជណ្តើរបុរាណខាងកើត ជណ្តើរឈើនេះមានប្រវែង១៥០០ម៉ែត្រ ស្មើរនឹង២២៤២កាំ ហើយនៅតាមជណ្តើរមានថាសចំនួន៨១កន្លែង និង សាលាសំណាក់ចំនួន៥កន្លែង។
គោលបំណងនៃការសាងសង់ជណ្តើរឈើ (ខាងកើត) ប្រាសាទព្រះវិហារ គឺដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត ជួយសម្រួលដល់សុវត្ថិភាពក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បង្កភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ បងប្អូនកងទ័ពដែលកំពុងតាំងទីនៅអមសងខាងតាមជណ្តើរឈើ ជួយលើកតំកើននូវវិស័យទេសចរណ៍ ក៏ដូចជាមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងចូលរួមចំណែកក្នុងការថែទាំតម្លៃជាប្រវត្តិសាស្រ្តតំបន់បេតិកភណ្ឌក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារទាំងមូល។
នាពេលបច្ចុប្បន្នចំពោះភ្ញៀវទេសចរណ៍ដែលមានកាយសម្បទារឹងមាំ និងចូលចិត្តអារម្មណ៍ទស្សនាបែបធម្មជាតិជាមួយនឹងការកំសាន្ត តែងតែធ្វើដំណើរតាមជណ្តើរបុរាណខាងកើតនេះ។ សូមជម្រាបផងដែរថាជណ្តើរឈើអមជណ្តើរបុរាណខាងកើតនេះបានសាងសង់បញ្ចប់ទាំងស្រុងក្នុងដើមឆ្នាំ២០១១ និងបានដាក់ដំណើរការអោយប្រើប្រាស់មកទលពេលបច្ចុប្បន្ននេះ។