6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

សារ​ឯកឧត្តម គង់ ពុទ្ធិការ
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ

Saturday, September 9, 2023 09:29 AM

រមណីយដ្ឋានប្រាសាទព្រះវិហារត្រូវបាន ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នាសម័យប្រជុំពេញអង្គគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើទី៣២ នៅទីក្រុង​កេបិច ប្រទេសកាណាដា។ ចាប់ពីចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រមណីយដ្ឋានប្រាសាទព្រះវិហារ រហូតមកដល់ ឆ្នាំ២០២៣ នេះ គឺ​មានរយៈ​ពេល១៥ឆ្នាំហើយ។

ក្នុងរយៈពេល១៥ឆ្នាំនេះ បញ្ហាប្រឈមផ្នែកអភិរក្ស និងអភិវឌ្ឍជាច្រើនត្រូវបានដោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការ​អន្តរជាតិក្នុងក្របខណ្ឌ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទ​ព្រះវិហារ (អាយ ស៊ី ស៊ី ព្រះវិហារ)។ សមិទ្ធផលជាប្រវត្តិសាស្រ្តដ៏អស្ចារ្យយ៉ាងច្រើនត្រូវបានរំលេចឡើងដោយផ្តោតជាចម្បង​ទៅលើកិច្ចការអភិរក្ស និងជួសជុលរមណីយដ្ឋានការស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី ការស្រាវជ្រាវ ប្រព័ន្ធធារាសាស្ត្រ និងការ​ស្តារអោយដំណើរការឡើងវិញ ការថែរក្សាបរិស្ថាន និងការដាំដើមឈើឡើងវិញ ការថែរក្សា ទេសភាពវប្បធម៌ ការកសាងហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ស្ពាន សារមន្ទីរ ទីលានចំណត សួនច្បារ និងបញ្ជរសំបុត្រ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការលើកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

លើសពីនោះអាជ្ញាធរជាតិព្រះវិហារក៏បានសម្រេចការងារដ៏ធំជូនជាតិមាតុភូមិមួយទៀត គឺការរៀបចំឯកសារដាក់បញ្ចូល​រមណីយដ្ឋានប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំលើកទី៤៥​ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការចងក្រងឯកសារសមិទ្ធផលការងាររបស់អាជ្ញាធរជាតិព្រះវិហារ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល១៥ឆ្នាំកន្លងទៅនេះ គឺបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់ និងជាឯកសារសម្រាប់អ្នកបន្តវេនជំនាន់ក្រោយឲ្យខិតខំ​ថែរក្សាបេតិកភណ្ឌបន្តទៅទៀត។