6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Arts Gallery

អគារវិចិត្រសាលសិល្បៈ

Thursday, October 19, 2023

អគារវិចិត្រសាលសិល្បៈ

អគារវិចិត្រសាលសិល្បៈ៖ មានដាក់តាំងបង្ហាញវត្ថុសិល្បៈធ្វើអំពីថ្មភក់ដូចជា៖ បដិមាព្រះពុទ្ធប្រក់នាគ ព្រះលោកេស្វរៈ ចម្លាក់តោ ប្រាជ្ញាបារមី នព្វគ្រោះ ព្រះគ្រឹស្ណានិងក្មេងគង្វាល ព្រះកេសទេវតានិងអសុរៈ សិលាចារឹក សសរពេជ្រ ហោជាងរូបព្រះនារាយណ៍ ក្បាលទបង្ហូរទឹក និងបដិមាភេទស្រី។

ក. ចម្លាក់តោ៖ ជាទូទៅក្នុងសិល្បៈខ្មែរ គេតែងតែឆ្លាក់រូបតោអង្គុយ ឬឈរជើងបួន រីឯរូបតោដែលឈរលើកជើងទាំងពីរទៅមុខ ឡើងលើជាទម្រង់ចម្លាក់ទោលនេះ​ គឺជារូបដ៏កម្រមួយពុំដែលឃើញបង្ហាញពីមុនៗទេ។ តោនេះបង្ហាញពីចលនារស់រវើក ឈានដើរ និងបន្ទន់ត្រគាកបន្តិច ដោយជើងក្រោយម្ខាងឈានទៅមុខបន្តិច ចំណែកជើងមុខទាំងពីរលើកកន្ទ្រោងឡើងលើ។ ចម្លាក់តោនេះមាន១គូរដែលដាក់តម្កល់នៅក្លោងទ្វារច្រកខាងកើតកំពែងទី២នៃប្រាសាទបាកាណ (ព្រះខ័នកំពង់ស្វាយ)។ លោកល្វីដឺឡាប៉ក បានពិពណ៌នាចម្លាក់តោមួយគូរនេះក្នុងកំណត់ហេតុរបស់លោកនៅឆ្នាំ១៨៧៣ ហើយគាត់បានដឹកយកតោមួយទៅស្រុកបារាំង ដែលសព្វថ្ងៃនេះដាក់តាំងបង្ហាញនៅសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីម៉េ នៅទីក្រុងបារីស ប្រទេសបារាំង។

ខ. ព្រះគ្រឹស្ណា និងក្មេងគង្វាលគោ៖ ហោជាងបង្ហាញពីព្រះគ្រឹស្ណា និងក្មេងគង្វាលគោឆ្លាក់ចែកជាពីរផ្នែក ដែលផ្នែកខាងលើកណ្តាលប្រហែលព្រះគ្រឹស្ណា និងក្មេងគង្វាលគោគោរពសំពះសងខាង។ ផ្នែកខាងក្រោមប្រហែលជាព្រះគ្រឹស្នា ក្មេងគង្វាលគោ និងសត្វពាហនៈ។ តាមរឿងមហាភារត ព្រះគ្រឹស្ណា ជាអាវតាទី៨របស់ព្រះវិស្ណុ ដែលចុះចាប់កំណើតជាមនុស្ស មករស់នៅជាមួយអ្នកភូមិជាអ្នកគង្វាលគោ។ នៅក្នុងជីវិតជាក្មេងគង្វាលគោ ព្រះគ្រឹស្ណាបានចំណាយពេលដ៏រីករាយរបស់ខ្លួន ដោយរស់នៅយ៉ាងសាមញ្ញជាមួយគ្រួសារអ្នកគង្វាលគោក្នុងភូមិរបស់នន្ទៈ។ គ្រឹស្ណាជាក្មេងម្នាក់ដែលមានភាពអស្ចារ្យខុសពីក្មេងដទៃ ព្រះអង្គមានកម្លាំងដ៏មហិមា ហើយមានភាពស្ទាត់ជំនាញក្នុងការផ្លំខ្លុយ និងរាំរបាំផ្សេងៗ បង្កើតនូវភាពរីករាយ ដល់ពួកក្មេងៗគង្វាលគោក្នុងភូមិ។ ធម្មតាព្រះគ្រឹស្ណា គឺជាក្មេងរពឹស ហើយចូលចិត្តប្រើកម្លាំងដ៏អស្ចារ្យរបស់ខ្លួនបង្កើតសកម្មភាព និងល្បែងកម្សាន្តប្លែកៗនាំឱ្យឪពុកម្តាយចិញ្ចឹមរបស់គេមានការខឹងសម្បារយ៉ាងខ្លាំង។​