Department of Environment, Forestry and Water (DEFW)
នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក មានមុខងារនិងភារកិច្ចដូចតទៅ៖
- កំណត់ទិសដៅ និងរៀបចំផែនការមេសម្រាប់រយៈពេលខ្លី មធ្យម និងវែង ស្តីពីការគ្រប់គ្រងបរិស្ថាន ព្រៃឈើ និងទឹក ព្រមទាំងសំណង់ធារាសាស្ត្រនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- ចូលរួមអនុវត្តសកម្មភាពដែលមានលក្ខណៈពហុវិស័យនៅក្នុងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព
- សិក្សាអំពីរុក្ខជាតិ សត្វ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- គ្រប់គ្រងព្រៃឈើនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. រួមមានការអភិរក្ស ការថែទាំ និងការដាំកូនឈើឡើងវិញ
- ស្រាវជ្រាវនិងជួសជុលឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ
- បង្កើតប្រព័ន្ធតាមដានបម្រែបម្រួលទឹកនៅលើដីនិងនៅក្រោមដី
- ស្រាវជ្រាវរកដំណោះស្រាយផ្សេងៗដើម្បីចាត់ចែងប្រើប្រាស់ទឹកនៅលើដីក្នុងគោលដៅជួយកាត់បន្ថយការប្រើប្រាស់ទឹកនៅក្រោមដី
- សិក្សាអំពីបរិស្ថាន បរិយាកាស និងអាកាសធាតុ ដោយរៀបចំឱ្យមានប្រព័ន្ធស្ថានីយឧតុនិយមសម្រាប់ប្រមូលទិន្នន័យតាមដានបម្រែបម្រួលអាកាសធាតុ ឥទ្ធិពលដែលមានលើជលសាស្ត្រ និងកសិកម្ម និងការបំពុលបរិស្ថាន ការបំពុលទឹក ការបំពុលខ្យល់ ព្រមទាំងការរំខានដោយ សំឡេង
- រៀបចំនិងគ្រប់គ្រងបញ្ជីសារពើភណ្ឌព្រៃឈើនិងដីព្រៃ ព្រមទាំងកំណត់ហានិភ័យដើមឈើ
- រៀបចំថ្នាលបណ្តុះកូនឈើសម្រាប់ការដាំដុះនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- ការពារជីវចម្រុះ អភិរក្សសត្វ និងរុក្ខជាតិនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- រៀបចំ គ្រប់គ្រង និងដឹកនាំក្រុមបរិស្ថាននុរក្ស និងពលករជំនាញ
- សហការជាមួយស្ថាប័នជំនាញសិក្សា កំណត់ រៀបចំបង្កើត និងគ្រប់គ្រងតំបន់អេកូទេសចរណ៍
- រៀបចំកម្មវិធីផ្សព្វផ្សាយអំពីបរិស្ថាន សារៈសំខាន់ព្រៃឈើ និងសត្វព្រៃ
- ចាត់វិធានការនានាក្នុងការទប់ស្កាត់រាល់បទល្មើសព្រៃឈើនិងការរានដីព្រៃ
- រៀបចំឯកសារពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនិងធនធានធម្មជាតិដោយសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ
- ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។