ទំព័រដើម / ព័ត៌មានប្រចាំថ្ងៃ
នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ បានចុះទៅទទួលកុលាលភាជន៍ និងឧបករណ៍ថ្មបុរាណពីអ្នកភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីយកមករក្សាទុក អភិរក្ស និងដាក់តាំងបង្ហាញនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។
នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល និងតម្កល់ឯកសារ ព្រមទាំងសហការី បានចុះទៅទទួលកុលាលភាជន៍ចំនួន៧ និងឧបករណ៍ថ្មចំនួន២ដុំ ពីលោក គឹម ឈៀន ជានាយកសាលាបឋមសិក្សាកោងយោង ស្ថិតនៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វត្ថុបុរាណទាំងនោះបានប្រទះឃើញ នៅពេលដែលកូនរបស់គាត់ភ្ជួរដីធ្វើចម្ការ ដែលមានចម្ងាយ៣គីឡូម៉ែត្រពីភូមិ។
ដោយមានចិត្ដស្រលាញ់ និងខ្លាចបាត់បង់វត្ថុបុរាណផង លោក គឹម ឈៀន បានសម្រេចចិត្ដប្រគល់វត្ថុបុរាណទាំងនេះជូនមកសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីរក្សាការពារ និងអភិរក្សបន្ដ។
អាជ្ញាធរជាតិព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ក្នុង និងតំបន់ជុំវិញរមណីយដ្ឋានប្រាសាទព្រះវិហារ ពេលប្រទះឃើញ ឬក៏បានរក្សាទុកវត្ថុបុរាណនៅតាមផ្ទះ សូមមេត្តារាយការណ៍ ឬប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ ដើម្បីយកមករក្សាទុកក្នុងសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងគោលបំណង រក្សាការពារ អភិរក្សក៏ដូចជារៀបចំដាក់តាំងបង្ហាញ សម្រាប់សាធារៈជនទូទៅទស្សនា ស្វែងយល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌របស់ដូនតាយើង។