6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការពារ និងការអភិរក្ស

គម្រោងកំណាយស្រាវជ្រាវប្រព័ន្ធរំដោះទឹកនៅខាងលិចស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ប្រាសាទព្រះវិហារ

Monday, August 7, 2023 14:01 PM

សំណង់ប្រាសាទបុរាណខ្មែរមិនថាសាងសង់នៅលើដីរាប ឬនៅលើភ្នំទេ ស្ថាបត្យករខ្មែរបុរាណតែងតែគិតគូរយ៉ាងល្អិតល្អន់ ដើម្បីសាងសង់យ៉ាងណាការពាររចនាសម្ព័ន្ធសំណង់ប្រាសាទទាំងមូលអោយមានភាពរឹងមាំ និងគង់វង្សយូរអង្វែងសម្រាប់ការគោរពបូជាពីមួយជំនាន់ទៅមួយជំនាន់ទៀត ចឹងហើយទើបរាល់សំណង់ប្រាសាទបុរាណខ្មែរពេលចាប់ផ្ដើមសាងសង់ គឺតែងតែគិតគូរសាងសង់ពីប្រព័ន្ធបង្ហូររំដោះទឹកផងដែរ ដើម្បីការពារគ្រឹះសំណង់ប្រាសាទទាំងនោះ អោយបានរឹងមាំគង់វង្សយូរអង្វែង ដោយរចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកនៅតាមប្រាសាទទាំងនោះបានបន្សល់ភស្តុតាង និងស្លាកស្នាមឃើញមានដល់ពេលបច្ចុប្បន្ននេះ។ ដូចជានៅប្រាសាទព្រះវិហារក៏ឃើញមានស្លាកស្នាមប្រព័ន្ធបង្ហូរទឹកបុរាណ ដែលបានលេចចេញជារូបរាងតិចតួចតាមរយៈការហូរច្រោះដីនៅត្រង់ទីតាំងមួយចំនួន ម៉្យាងទៀតតាមការយល់ឃើញរបស់អ្នកសិក្សាស្រាវជ្រាវគិតថា ប្រាសាទព្រះវិហារបានសាងសង់លើភ្នំខ្ពស់ដែលសណ្ដូកពីត្បូងទៅជើងមានប្រវែងរហូតដល់ទៅ ៨៥០ម៉ែត្រជាង និងមានលក្ខណៈសណ្ឋានថ្មជម្រាលចោទពីល្បាក់នៃគោបុរៈមួយទៅកាន់ល្បាក់គោបុរៈមួយទៀត បើមិនមានការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកក្នុងការជួយរំដោះទឹក និងបង្វែរទិសដៅទឹកហូរទេនោះ បញ្ហាទឹកហូរពីជម្រាលខ្ពស់មកទាបមានល្បឿនខ្លាំងពិតជាបង្កហានិភ័យខ្លាំងដល់រចនាសម្ព័ន្ធគ្រឹះប្រាសាទទាំងមូល។

ដើម្បីធ្វើការអភិរក្សការរពារស្ពានហាលនៅចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ ដែលកន្លងមកទីតាំងនេះតែងតែត្រូវបានទឹកហូរជន់លិចបង្កអោយមានការខូចខាតជាខ្លាំង ដូចជាស្រុតគ្រឹះខឿនស្ពានហាលសង្ខាងទ្រេតផ្អៀង និងមានការដួលរលំបង្គោលផ្កាឈូកជាដើម ទើបនៅខែសីហា ឆ្នាំ២០១៦ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានធ្វើកំណាយសិក្សាស្វែងយល់ពីការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកនៅស្ពានហាលចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ និងធ្វើការស្ដារប្រព័ន្ធបង្ហូរទឹកបុរាណអោយមានតួនាទីឡើងវិញក្នុងការបង្វែរទិសដៅទឹកមិនអោយហូរមកបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ពានហាលនេះតទៅទៀត។

ក/ ការងារកំណាយបុរាណវិទ្យា

នៅតាមបណ្ដោយស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ គឺបានកំណត់យកចំនួន ០៤រណ្ដៅដែលស្ថិតនៅខាងលិចនៃស្ពានហាលមកធ្វើកំណាយសិក្សាស្រាវជ្រាវ ដោយរណ្ដៅកំណាយនីមួយៗមានលទ្ធផលដូចខាងក្រោម៖

១. រណ្ដៅកំណាយលេខ១ មានទំហំ ១ម៉ែត្រ x ៣ម៉ែត្រ ជីកក្នុងជម្រៅ ០១ម៉ែត្រ ដល់ថ្មភ្នំធម្មជាតិ ដែលឃើញមានការដាប់ថ្មភ្នំធម្មជាតិទំហំ ៤០ស.ម និងជម្រៅ ២០ស.ម រៀបចំធ្វើជាប្រព័ន្ធបង្ហូរទឹក ដោយសារនៅត្រង់បរិវេណទីតាំងរណ្ដៅកំណាយនេះសុទ្ធសឹងតែជាផ្ទាំងថ្មភ្នំធម្មជាតិ ទើបមានការរៀបចំដាប់ថ្មអោយចេញជារាងកម្រាលស្ពានហាល ខឿនផ្នែកខាងលិច និងប្រឡាយទឹក គឺនៅលើផ្ទាំងថ្មតែមួយ។ ចំពោះជម្រៅដី០១ម៉ែត្រ ដែលបានជីកនេះគឺជាប្រភេទដីហូរចាក់បង្គរ និងប្រទះឃើញមានបំណែកកុលាលភាជន៍ប្រភេទរឹង ផុយ ក្បឿងផ្កាប់ ផ្ងារ រងស្បូវ និងក្បឿងលំអព្រំដំបូលមួយចំនួនដែលហូរតាមទឹកពីប្រាសាទនៅខាងលើ មាននៅក្នុងស្រទាប់ដីចាក់បង្គរនេះ។

២. រណ្ដៅកំណាយលេខ ០២ មានទំហំ ១ម៉ែត្រ x ៣ម៉ែត្រ គឺជីកក្នុងជម្រៅ ០១ម៉ែត្រ ដល់ស្រទាប់ដីបុកបង្ហាប់ការពារគ្រឹះស្ពានហាល ដោយនៅបរិវេណជំវិញរណ្ដៅកំណាយនេះសណ្ឋានភ្នំមានលក្ខណៈជម្រាលជ្រៅ ការកសាងស្ពានហាលគឺមានការរៀបចំបង្ហាប់គ្រឺះនៅផ្នែកខាងក្រោម និងផ្នែកខាងក្រៅ។ ចំពោះការបង្ហាប់គ្រឹះនៅផ្នែកខាងក្រៅគឺមានការរៀបចំបង្ហាប់អោយមានរាងជាជើងទេដើម្បីការពារទឹកកុំអោយហូរចូលមកលើរចនាសម្ព័ន្ធស្ពានហាល ចំណែកប្រព័ន្ធបង្ហូរទឹកគឺគេរៀបចំអោយហូរពីលើស្រទាប់ដីដែលបានបុកបង្ហាប់នោះ។ ក្នុងជម្រៅដី០១ម៉ែត្រ ដែលបានជីកនេះបានប្រទះឃើញបំណែកកុលលាភាជន៍ប្រភេទរឹង ផុយ និងក្បឿងមួយចំនួនដែលហូរតាមទឹកពីខាងលើមក មាននៅក្នុងស្រទាប់ដីនីមួយៗតាមដំណាក់កាលនៃការហូរចាក់បង្គរ។

៣. រណ្ដៅកំណាយលេខ ០៣ មានទំហំ ១ម៉ែត្រ x ៤ម៉ែត្រ ជីកក្នុងជម្រៅ ៧០ស.ម ដល់ផ្ទាំងថ្មភ្នំធម្មជាតិ តែមិនឃើញមានការរៀបចំដាប់ថ្មអោយចេញជារាងប្រឡាយបង្ហូរទឹកដូចនៅទីតាំងរណ្ដៅកំណាយ ០១ ទេ។ នៅក្នុងជម្រៅដែលបានជីកនេះ និងនៅពីលើផ្ទាំងថ្មភ្នំធម្មជាតិនោះ គឺឃើញមានបំណែកកុលលាភាជន៍ប្រភេទរឹង ផុយ ក្បឿង និងបំណែកដុំថ្មភ្នំតូចធំមួយចំនួនដែលប្រហែលជាហូរតាមទឹកមកពីលើ ចឹងដំបូងឡើងប្រព័ន្ធទឹកគឺគេការរៀបចំអោយហូរនៅលើកម្រាលផ្ទាំងថ្មភ្នំធម្មជាតិនោះ។

៤. រណ្ដៅកំណាយលេខ ០៤ មានទំហំ ១ម៉ែត្រ x ២ម៉ែត្រ ជីកក្នុងជម្រៅ ៣០ស.ម ដល់បាតនៃប្រឡាយបង្ហូរទឹកបុរាណ នៅត្រង់បរិវេណរណ្ដៅកំណាយនេះគឺមានការរៀបចំដាប់ថ្មអោយចេញជារាងកម្រាលស្ពានហាល ខឿនផ្នែកខាងលិច និងប្រឡាយបង្ហូរទឹកបុរាណភ្ជាប់គ្នានៅលើផ្ទាំងថ្មភ្នំតែមួយដូចគ្នានឹងរណ្ដៅកំណាយ ០១ដែរ ប៉ុន្តែប្រឡាយបង្ហូរទឹកបុរាណត្រង់ទីតាំងនេះមានទំហំ ១០០ស.ម និងជម្រៅ ១០ស.ម ធំជាងរណ្ដៅកំណាយ ០១។ ក្នុងរណ្ដៅកំណាយឃើញមានបំណែកប្រភេទក្បឿងផ្កាប់ ផ្ងារ រងស្បូវ និងកុលាលភាជន៍មួយចំនួនផងដែរ។

ការធ្វើកំណាយសិក្សាស្រាវជ្រាវអំពីប្រព័ន្ធបង្ហូរទឹក ស្ថិតនៅខាងលិចស្ពានហាលចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ មានចំនួន ៤ រណ្តៅ ក្នុងគោលបំណងធ្វើការរំដោះទឹកភ្លៀង ឬកាត់បន្ថយទឹកកុំអោយហូរលើរចនាសម្ព័ន្ធស្ពានហាលការពារការហូរច្រោះគ្រឹះរបស់ស្ពានហាល និងពន្យារការខូចខាតជាបន្តទៀត។

- រណ្តៅកំណាយលេខ ០១, ០៣ និងរណ្តៅលេខ ០៤ : យើងបានជីកដល់ស្រទាប់ថ្មភ្នំធម្មជាតិ ហើយឃើញថាមានការដាប់ទម្លុះថ្មភ្នំធម្មជាតិធ្វើជាស្ពានហាល និងប្រព័ន្ធបង្ហូរទឹកនៅជាប់នឹងស្ពានហាល។

- រណ្តៅកំណាយលេខ ០២ : យើងជីកក្នុងជម្រៅ ១ម៉ែត្រ ពុំប្រទះឃើញមានការរៀបចំថ្មភក់ ឬការដាប់ទម្លុះថ្មភ្នំធ្វើជាប្រព័ន្ធបង្ហូរទឹកទេ។

បន្ទាប់ពីបានធ្វើកំណាយ និងការសិក្សាស្រទាប់ដី យើងអាចយល់បានថាសិ្ថតនៅត្រង់រណ្តៅលេខ ១, ៣ និងលេខ៤ គឺជាតំបន់គ្រឹះដែលបុព្វបុរសបានកែប្រែជាប្រព័ន្ធបង្ហូរទឹក និងស្ពានហាល។ បន្ទាប់ពីបានឆ្លងកាត់ជាច្រើនសតវត្ស តំបន់នេះត្រូវបានគ្របដណ្តប់ដោយដីល្បាប់។ រីឯរណ្តៅលេខ២ គឺជាតំបន់ដីល្បាប់ ហើយជាផ្នែកមួយនៃស្ពានហាលត្រូវបានសាងសង់នៅលើដីបុកបង្ហាប់ ដែលរួមបញ្ចូលគ្នាជាមួយដីខ្សាច់ បំណែកថ្ម និងដីឥដ្ឋ។ តំបន់នេះក៏មានថ្មភ្នំធម្មជាតិដែរ ប៉ុន្តែវាជ្រៅជាងនៅត្រង់រណ្តៅលេខ ១, ៣ និងលេខ ៤ បានរៀបរាប់ខាងលើ។

ខ/ ការងារស្ដារដី និងជីកប្រឡាយបង្ហូរទឹកថ្មីបន្ថែម

តាមរយៈលទ្ធផលក្រោយពីធ្វើកំណាយបុរាណវិទ្យាចំនួន ០៤រណ្ដៅ នៅផ្នែកខាងលិចស្ពានហាលចន្លោះគោ បុរៈទី៤ និងគោបុរៈទី៥ បានបង្ហាញថាមានការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធបង្ហូរបុរាណ ដោយនៅកន្លែងខ្លះមានការដាប់ថ្មភ្នំធម្មជាតិតូចធំ ជ្រៅរាក់ និងកន្លែងខ្លះទៀតមិនមានកម្រាលផ្ទាំងថ្មភ្នំ គឺមានការរៀបចំបុកបង្ហាប់គ្រឹះបំពេញបន្ថែម ដោយធ្វើយ៉ាងណាអោយមានរយៈកម្ពស់ប្រហាក់ប្រហែលគ្នាពីខ្ពស់ទៅទាប អាស្រ័យតាមជម្រាលសណ្ឋានភ្នំជាក់ស្ដែងធ្វើជាប្រព័ន្ធបង្ហូរទឹក។ ដោយសារប្រព័ន្ធបង្ហូរទឹកបុរាណត្រូវបានកក់ស្ទះ ដោយដី បំណែកថ្មភ្នំតូចធំ និងកូនរុក្ខជាតិតូចៗមួយចំនួន ហូរមកចាក់បំពេញបង្គរធ្វើអោយប្រព័ន្ធបង្ហូរទឹកបុរាណនេះ បានបាត់បង់តួនាទីក្នុងការបង្វែរទិសដៅទឹកការពារមិនអោយហូរច្រោះចូលទៅបំផ្លាញរចនាសម្ព័ន្ធស្ពានហាល។ ដើម្បីធ្វើការអភិរក្ស និងសង្គ្រោះកាត់បន្ថយពីការបំផ្លាញដោយសារទឹកភ្លៀងហូរយ៉ាងច្រើនពីផ្នែកខាងលើនៃភ្នំប្រាសាទព្រះវិហារជន់លេចលើបរិវេណស្ពានហាលជាបន្តទៀត ម្យ៉ាងទៀតផ្អែកលើលទ្ធផលសិក្សាធ្វើកំណាយបុរាណវិទ្យាខាងលើ ក្រុមការងារបានធ្វើការស្ដារយកដី បំណែកដុំថ្មតូចធំ និងបង្គោលផ្កាឈូកមួយចំនួន ដែលបានដួលរលំធ្វើអោយកក់ស្ទះកន្លងមកទាំងនោះចេញពីប្រព័ន្ធបង្ហូរទឹកបុរាណអោយមានតួនាទីឡើងវិញ។ នៅត្រង់កន្លែងមិនមានថ្មភ្នំដាប់ធ្វើជាប្រឡាយទឹក គឺក្រុមការងារជីកប្រឡាយថ្មីលំនាំលើប្រឡាយចាស់ ដោយជីកចេញពីស្ពានហាលប្រវែង ១ម៉ែត្រ ដែលមានទទឹងទំហំ ០១ម៉ែត្រ និងជម្រៅ ៥០ស.ម តភ្ជាប់ពីប្រព័ន្ធទឹកដែលបានដាប់ថ្មភ្នំនោះ ជាពិសេសនៅផ្នែកខាងចុងនៃប្រឡាយទឹកបុរាណ គឺបានបន្តជីកប្រឡាយថ្មីបង្វែរចេញឆ្ងាយពីស្ពានហាល ដើម្បីអោយទឹកហូរធ្លាក់ទៅល្បាក់ផ្ទាំងថ្មធម្មជាតិមួយទៀតស្ថិតនៅពាក់កណ្ដាលនៃស្ពានហាលនៅផ្នែកខាងលិច។

Monday, August 7, 2023