អាជ្ញាធរជាតិអប្សរាជាដៃគូរជាតិដ៏សំខាន់មួយរបស់អាជ្ញាធរជាតិព្រះវិហារ ក្នុងការចូលរួមចំណែកក្នុងកិច្ចការស្រាវជ្រាវ ចងក្រងឯកសារ អភិរក្ស ជួសជុល និងបណ្តុះបណ្តាលធនធានមនុស្សតាំងពីការបង្កើតអាជ្ញាធរជាតិព្រះវិហារដំបូងនៅឆ្នាំ២០០៦។
មុនប្រាសាទព្រះវិហារត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរាបានចែករំលែកមន្ត្រីបច្ចេកទេសមួយចំនួន មកសហការស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រព័ន្ធគ្រប់គ្រងទឹកសម័យបុរាណ អភិរក្ស ជួសជុល និងបរិស្ថាន ដើម្បីកសាងឯកសារដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។
ជាលទ្ធផលកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ឯកសារចាំបាច់នានាមួយចំនួនត្រូវបានបង្កើតឡើង ហើយប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលជាបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូនាឆ្នាំ២០០៨។ បន្ទាប់មក កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនៅតែបន្តទាំងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ លើការរៀបចំផែនទីហានីភ័យ ការទល់ទ្រកន្លែងគ្រោះថ្នាក់ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអភិរក្ស និងជួសជុលប្រាសាទ។ ជាពិសេស ថ្មីៗនេះអាជ្ញាធរជាតិព្រះវិហារបានបញ្ជូនមន្ត្រីបច្ចេកទេស និងពលករចំនួនបីនាក់ទៅសិក្សារៀនសូត្រអំពីបច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទឥដ្ននៅតំបន់អង្គរ។
• វគ្គបណ្តុះបណ្តាលស្តីអំពី ការអភិរក្ស និងជួសជុលក្បាច់ចម្លាក់ មានរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប ដែលបានបណ្តុះបណ្តាលដោយសាស្រ្តាចារ្យមកពីសកលវិទ្យាល័យ ប៉ាឡែម ប្រទេសអ៊ីតាលី។
•វគ្គបណ្តុះបណ្តាលស្តីអំពី ការសិក្សាស្វែងយល់អំពីរចនាសម្ព័ន្ធប្រាសាទតាមបទដ្ឋានអន្តរជាតិ មានរយៈពេលចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សារា ដែលឧទេ្ទសនាមដោយលោកសាស្រ្តាចារ្យជប៉ុនពីររូបគឺលោក Kenichiro Hidaka និងលោក Takashi Hara។
•វគ្គបណ្តុះបណ្តាលស្តីអំពី មូលដ្ឋានអភិរក្សប្រាសាទតាមបែបវិទ្យាសាស្ត្រ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ របស់អាជ្ញាធរជាតិអប្សារា។ វគ្គសិក្សានេះឧទេ្ទសនាមដោយលោកសាស្រ្តាចារ្យ Han Leisen ប្រធានគម្រោងអភិរក្សចម្លាក់ទេពអប្សរនៃប្រទេសអាល្លឺម៉ង់។
•វគ្គបណ្តុះបណ្តាលស្តីអំពី បច្ចេកទេសកាត់ និងឆ្លាក់ថ្ម មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ នៅប្រាសាទព្រះវិហារ។ វគ្គសិក្សានេះឧទ្ទេសនាមដោយលោក Christoph Bucker និងអ្នកជំនាញអភិរក្សថ្ម២រូប មកពីក្រុមអភិរក្សថ្ម (GIZ) នៃអាជ្ញាធរជាតិអប្សារា។
•បេសកកម្មស្វែងយល់ការងារអភិរក្ស និងជួសជុលប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ដែលដឹកនាំដោយឯកឧត្តមអគ្គនាយក ថ្នាក់ដឹកនាំ មន្រ្តី និងកម្មករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសសម្រាប់អនុវត្តន៍គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។
•វគ្គបណ្តុះបណ្តាលអំពីកិច្ចការអភិរក្ស និងជួសជុលប្រាសាទ កាត់ និងឆ្លាក់ថ្មនៅប្រាសាទភ្នំបាខែង ដល់កម្មករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ជាកិច្ចសហប្រត្តិបត្តិការក្នុងគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។