ស្ថាប័នអាល្លឺម៉ង់ឈ្មោះ គម្រោងអភិរក្សទេពអប្សរនៃប្រទេសអាល្លឺម៉ង់ (German APSARA Conservation Project, GACP) បានបង្កើតឡើងនៅឆ្នាំ១៩៩៧ ជាអង្គការមិនទទួលផលចំណេញ ដែលមានទីតាំងនៅសាកលវិទ្យាល័យកូឡូញ ប្រទេសអាលឺម៉ង់។ ស្ថាប័ននេះផ្តោតការយកចិត្តទុកដាក់ទៅលើការអភិរក្សចម្លាក់ទេពអប្សរ និងចម្លាក់នៅប្រាសាទអង្គរវត្ត ដែលផ្តល់ថវិកាដោយការិយាល័យការបរទេសអាលឺម៉ង់។ លើសពីនោះ ស្ថាប័នកិច្ចសហប្រតិបត្តិការអន្តរជាតិអាលឺ្លម៉ង់ (GIZ) ដែលបង្កើតនៅឆ្នាំ២០០១ នៅភ្នំពេញបានចូលរួមចំណែកក្នុងការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារដែរ។
គោលបំណងនៃកិច្ចសហប្រតិបត្តិការជាមួយគម្រោងអភិរក្សទេពអប្សរ ពីប្រទេសអាល្លឺម៉ង់ និងស្ថាប័នកិច្ចសហប្រតិបត្តិការអន្តរជាតិអាលឺ្លម៉ង់(GIZ) គឺដើម្បីពង្រឹងទំនាក់ទំនង ផ្លាស់ប្តូរបទ ពិសោធន៍ និងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិផ្នែកអភិរក្ស និងជួសជុលបេតិកភណ្ឌបុរាណ។
លទ្ធផលនៃកិច្ចសហការជាមួយ គម្រោងអភិរក្សទេពអប្សរ របស់ប្រទេសអាល្លឺម៉ង់ បានជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ និងអភិរក្សវត្ថុសិល្បៈមួយចំនួននៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះករ។ នៅឆ្នាំ២០១៦ គម្រោងអភិរក្សទេពអប្សរនៃប្រទេសអាល្លឺម៉ង់ បានបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារអំពីការអភិរក្សនិងជួសជុលចម្លាក់នៅប្រាសាទបាគង។ បន្ទាប់មក នៅឆ្នាំ២០២២ និង២០២៣ ស្ថាប័នខាងលើបានជួយបណ្តុះបណ្តាលការរៀបចំសំណាក និងពិសោធន៍កំបោរបាយអ ដើម្បីអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ និងថ្មភក់។ ក្រៅពីនោះ ស្ថាប័នខាងលើបានអភិរក្ស និងជួសជុលចម្លាក់ដំរីនៅប្រាសាទដំរី ជួសជុលតោនៅប្រាសាទក្រហម ជួសជុលនាគនៅប្រាសាទរួម ជួសជុលលិង្គនៅប្រាសាទបល្ល័ង្កខាងជើង និងពង្រឹងកំបោរបាយអរនៅប្រាសាទរួម។ រីឯស្ថាប័នកិច្ចសហប្រតិបត្តិការអន្តរជាតិអាលឺ្លម៉ង់ (GIZ) គឺនៅឆ្នាំ២០១៤ បានជួយអន្តរាគមន៍ទីតាំងប្រឈមហានីភ័យនៅគោបុរៈទី១ ទី៣ ទី៤ និងទី៥។ បន្ទាប់មក នៅឆ្នាំ២០២០ បានបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារអំពីបច្ចេកទេសកាត់ និងឆ្លាក់ថ្ម។