6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Cooperation with the Royal University of Fine Art

កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ

Thursday, October 19, 2023

កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ

កិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្កើតឡើងតាមរយៈអនុស្សរណៈយោគយល់គ្នា ចុះហត្ថលេខារួមគ្នា នៅខែធ្នូ ឆ្នាំ២០២១។ ក្រោមកិច្ចសហការគ្នានេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារទទួលបានសំណើសុំថវិកាស្រាវជ្រាវ របស់និស្សិតមហាវិទ្យាល័យបុរាណវិទ្យា និងព្រឹទ្ធបុរសរងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដែលជ្រើសរើសយកប្រធានបទអំពីតំបន់កោះកេរ ដើម្បីសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ក្រៅពីនេះអ្នកជំនាញរបស់អាជ្ញាធរជាតិព្រះវិហារបានធ្វើបទបង្ហាញអំពីប្រវត្តសាស្រ្តផ្សេងៗ ទៅកាន់សាស្រ្តាចារ្យ និស្សិតរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានមកទស្សនៈកិច្ចសិក្សាក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងព្រះវិហារ។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវបែបបុរាណវិទ្យា អភិរក្ស ទៅលើសំណង់ប្រាសាទ ទៅកាន់និស្សិតដែលមកពីមហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែរ។

ការសហការគ្នានេះក្នុងគោលដៅបំផុស និងជម្រុញឲ្យមានការស្រាវជ្រាវ និងសរសេរឲ្យកាន់តែច្រើនអំពីតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។ លើសពីនេះ បានផ្តល់ជាឱកាសការអនុវត្តន៍ការងារស្រាវជ្រាវបុរាណវិទ្យា ការអភិរក្ស ដើម្បីផ្តល់ជាបទពិសោធន៍ សម្រាប់និស្សិតដែលកំពុងសិក្សានូវជំនាញទាំងនេះដែរ។

ជាលទ្ធផលអាជ្ញាធរជាតិព្រះវិហារ បានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការស្រាវជ្រាវដល់និស្សិតបុរាណវិទ្យាចំនួន៤នាក់ នៅឆ្នាំ២០២២ និង២០២៣ ដើម្បីសរសេរសារណាបញ្ជប់ការសិក្សា នៅរមណីយដ្ឋានប្រាសាទកោះកេរ និងសាស្រ្តាចារ្យពីមហាវិទ្យាល័យសាបត្យកម្ម និងនគររូបនីយវិទ្យា ចំនួន១នាក់ នៅឆ្នាំ២០២២ ដើម្បីសរសេរសារណាបញ្ជប់ការសិក្សា នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។ បន្ថែមពីនេះទៀត អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារបានដឹកនាំ និងធ្វើបទបង្ហាញអំពីរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ ទៅកាន់និស្សិត សាស្រ្តាចារ្យ ដែលបានមកទស្សនកិច្ចសិក្សាក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។ លើសពីនេះ អាជ្ញាធរបានជ្រើសរើសនិស្សិតមកពីមហាវិទ្យាល័យបុរាណវិទ្យាចំនួន២នាក់ និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យាចំនួន៣នាក់ ឲ្យមកវឹកហាត់ការងាររយៈពេលខ្លី អំពីការស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សនៅជណ្តើរខាងជើងប្រាសាទព្រះវិហារក្នុងឆ្នាំ២០២៣នេះ។ ក្រៅពីនេះ តាមរយៈកិច្ចសហការគ្នានេះសាកលវិទ្យាវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានផ្តល់អាហាររូបករណ៍ឥតបង់ថ្លៃ សម្រាប់និស្សិតជំនាញបុរាណវិទ្យា និងសា្ថបត្យកម្ម។