គម្រោងបុរាណវិទ្យាកោះកេរប្រើប្រាស់បច្ចេកវិទ្យាសិក្សាពីចំងាយ (Remote sensing) ដោយរួមមានម៉ាស៊ីនរាដាជ្រាបរលកម៉ាញេទិកចូលក្នុងដី (Grown Penetrating Rada) និងការថតរូបដោយបច្ចេកទេស photogrammetry ដើម្បីយល់ដឹងពត៌មានបន្ថែមអំពីរចនាសម្ព័ន្ធទីក្រុងនៅកោះកេរ។ គម្រោងនេះបានទទួលថវិកាពី ក្រុមប្រឹក្សាស្រាវជ្រាវមនុស្ស និងវិទ្យាសាស្រ្តសង្គម ប្រទេសកាណាដា និងមូលនិធិគ្រួសារ Rust។ គម្រោងនេះអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ សកលវិទ្យាល័យ British Columbia និងសកលវិទ្យាល័យToronto។ លើសពីនេះ គម្រោងទទួលបានសម្ភារៈ និងអ្នកបច្ចេកទេសពីសកលវិទ្យាល័យ Flinders, សកលវិទ្យាល័យ Stanford, សកលវិទ្យាល័យ Sydney, សាលាបារាំងចុងបូព៌ា ខេត្តសៀមរាប។
គោលបំណងគម្រោង គឺដើម្បីសិក្សាស្ថានភាព និងរចនាសម្ព័ន្ធសំណង់ទាំងនៅលើដី និងក្រោមដីមុនឈានដល់ការធ្វើកំណាយស្រាវជ្រាវបញ្ជាក់បន្ថែម។ ក្រុមការងារបានចុះសិក្សានៅទីតាំងផ្ទាល់បីដង ដោយប្រើប្រាស់ម៉ាស៊ីនរាដាស្ទង់នៅខាងមុខប្រាសាទធំ កន្លែងបង្ហូរទឹកនៅខាងជើងក្រុង ស្ថានីយឡគោកដីឆ្នាំង ថ្នាក់ខ្លះនៃប្រាសាទប្រាង្គ ទីតាំងគម្រោងសាងសង់សារមន្ទីរ និងរាជវាំង។
លទ្ធផលស្រាវជ្រាវចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន គឺបានដឹងពីទីតាំងមនុស្សរស់នៅកោះកេរជាបន្តបន្ទាប់ជាច្រើនដំណាក់កាល ដែលអាចផ្តល់យោបល់ឲ្យយើងក្នុងកិច្ចការអភិរក្ស និងរៀបចំផែនការកំណាយស្រាវជ្រាវទៅថ្ងៃអនាគត។