6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Ethnology Gallery

អគារជាតិពន្ធុវិទ្យា

Thursday, October 19, 2023

អគារជាតិពន្ធុវិទ្យា

អគារជាតិពន្ធុវិទ្យា៖ តាំងបង្ហាញអំពីសំណាកសត្វ សំណាករុក្ខជាតិ និងវប្បធម៌ ជនជាតិដើមភាគតិចកួយដូចជា៖ សម្ភារៈប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងសម្ភារៈប្រពៃណី ​ដូចជា ត្បាល់កិនស្រូវ ខែល ខ្សែតី និងឧបករណ៍នេសាទជាដើម។

ក. ត្បាល់កិន៖ ត្បាល់កិនស្រូវ អង្ករ សម័យបុរាណ ស្ទើរតែបាត់បង់អស់ទៅហើយ ធ្វើឲ្យក្មេងជំនាន់ក្រោយខ្លះអាចនឹងលែងស្គាល់។ ត្បាល់កិនស្រូវ គឺធ្វើឡើងពីរុក្ខជាតិមួយចំនួនដូចជា ឈើ ឫស្សី ផ្ដៅ ឬរពាក់និង ដីឥដ្ឋ ដោយមានមេគម្រប តៅ ធ្មេញ និងដៃ។ ជាទូទៅគេប្រើសម្រាប់កិនស្រូវ ដើម្បីបំបែកស្រូវ យកអង្កាមចេញ។ អ្នកស្រែចំការមួយចំនួនប្រើត្បាល់កិនបែបនេះនៅតាមផ្ទះនៅឡើយ ហើយត្បាល់ខ្លះមានរូបរាងតូច ឬធំទៅតាមចំណង់ចំណូលចិត្តអ្នកផលិត។ ក្បាល់កិននេះ មានបន្តប្រើប្រាស់នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប ព្រះវិហារ ភាគឦសានប្រទេសថៃសព្វថ្ងៃ និងផ្នែកខាងត្បូងប្រទេសកម្ពុជា។ ត្បាល់កិនស្រូវបែបនេះ បានប្រទះឃើញប្រើប្រាស់ តាំងពីសម័យមុនអង្គរមកម្ល៉េះនៅប្រទេសកម្ពុជា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន និងប្រទេសចិនជាដើម។

ខ. ខែល និងខ្សែតី៖ ជាឧបករណ៍សម្រាប់ប្រើប្រាស់នៅក្នុងពិធីបុណ្យវាយខែល ឬប្រវាយកួយ ដែលជាបុណ្យប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ។ ជនជាតិកួយនៅតំបន់វាលវែងក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារជាសហគមន៍មួយធំគ្រាន់បើដែរ។ បើសង្កេតមើលទៅកួយនៅទីនេះ ហាក់ដូចជាមានរបៀបរបបរស់នៅ ដូចខ្មែរច្រើន ពិសេសក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា។ គេមានពិធី មួយចំនួនធ្វើតាមបែបខ្មែរដូចជារៀបការ បុណ្យ ចូលឆ្នាំថ្មី និងភ្ជុំបិណ្ឌ។ ប៉ុន្តែគួរឱ្យកត់សម្គាល់ថា សហគមន៍កួយមួយនេះ ទោះបីជាកាត់តាមខ្មែរច្រើនក៏ដោយ ក៏គេនៅមានទំនៀមដើមខ្លះៗ ដូចជាភាសា និងពិធីសំខាន់ៗប្រចាំស្រុករបស់គេ។ ឧទាហារណ៍ ល្បែងប្រវាយកួយ ត្រូវមានខែល២ រំពាត់២  និងស្គរ២។ ខែលធ្វើអំពីវល្លិម្យ៉ាងដែលអ្នកស្រុកនៅទីនោះហៅថា “ធ្នូ” (ស្រដៀង និងរពាក់ដែរ) យកមកត្បាញឱ្យមានរាងស្រដៀងទៅនឹងជុចដាក់ជ្រូក ហើយមានប្រឡោះនៅផ្នែកម្ខាងសម្រាប់ដាក់ដៃចេញមកក្រៅ។ រំពាត់ធ្វើអំពីដើមធ្នួចំនួន៣កំណាត់ប្រវែង១ម៉ែត្រ ដែលគេចងភ្ជាប់គ្នាជាបាច់។ ស្គរ២ប្រវែងប្រហែល៧០សម ពាសដោយស្បែកគោ នៅលើមុខទាំងពីរខាង។ ស្គរនេះគេវាយដោយអន្លូងនៅមុខម្ខាង និងមុខម្ខាងទៀតគេទះដោយដៃ។ នៅពេលលេងល្បែង នេះមានមនុស្សប្រុសរាងចំណាស់២នាក់វាយស្គរទាំង២ ធ្វើជាចង្វាក់ឱ្យអ្នកដែលត្រូវលេង(ប្រុស២នាក់) ចាប់ខែល និងរំពាត់ដើរ ចូលទៅកណ្តាលចំណោមមនុស្សនៅមុខរោងពិធីបុណ្យ ហើយធ្វើកាយវិការទំនងជារាំបន្តិចចេញក្បាច់គុនបន្តិច។ បន្ទាប់មក គេពាក់ខែលនៅពីលើក្បាលស្រោបមកដល់ក្រោមចង្កេះបន្តិច ហើយស៊កដៃស្ដាំចេញមកក្រៅតាមប្រឡោះ និងកាន់រំពាត់ចូលទៅប្រយុទ្ធគ្នាជាមួយនឹងដៃគូ។ ជនជាតិដើមកួយប្រារព្ធពិធីបុណ្យប្រវាយគួយនេះ នៅក្នុងខែចូលឆ្នាំខ្មែរ និងនៅក្នុងពេលដែលពួកគេជួបប្រទះភាពរាំងស្ងួតខ្លាំង ដើម្បីលេងសុំសេចក្តីសុខសប្បាយនៅក្នុងភូមិ និងដើម្បីបន់ស្រន់សុំទឹកភ្លៀង។