ថ្នាលបណ្ដុះកូនឈើដើរតួយ៉ាងសំខាន់ក្នុងការផលិត និងផ្គត់ផ្គង់កូនឈើបម្រើឲ្យការងារដាំស្ដារព្រៃឈើឡើងវិញ ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងចែកចាយដល់សាធារណជនដាំ ដើម្បីលើកកម្ពស់សោភ័ណភាពបៃតងក្នុងសហគមន៍។
គោលបំណងការបណ្តុះកូនឈើ គឺបណ្តុះប្រភេទឈើរងការគម្រាមកំហែង ឈើលម្អ និងឈើលើកកម្ពស់ជីវៈចម្រុះ ដើម្បីដាំស្ដារ និងចែកជូនសហគមន៍ ។
លទ្ធផលពីការបង្កើតថ្នាលបណ្តុះកូនឈើដំបូងនៅគ១ ក្នុងឆ្នាំ២០១០ មានទំហំ៣៦ម២ អាចផ្ទុកកូនឈើបានចំនួន៤០០កូន។ ក្រោយមកថ្នាលបណ្ដុះកូនឈើបានដូរទីតាំងមកកន្លែងស្នាក់នៅអាជ្ញាធរជាតិព្រះវិហារក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន នៅឆ្នាំ២០១៤ មានទំហំ៤៨០ម២ ដែលអាចផ្ទុកកូនឈើបានចន្លោះពី២៥០០០ ទៅ៣០០០០កូន។ បន្ទាប់មកទៀត ថ្នាលបណ្តុះកូនឈើថ្មីបានសាងសង់ឡើងនៅឆ្នាំ២០២១ មានទំហំ ១៥០០ម២ អាចផ្ទុកកូនឈើបានរហូតដល់៦០០០០ ទៅ ៧០០០០កូន។ ដើមឈើប្រមាណជាង៤០ប្រភេទ បានជ្រើសរើសសម្រាប់បណ្តុះ ដើម្បីដាំស្តារព្រៃឈើឡើងវិញ។ រហូតមកដល់បច្ចុប្បន្ននេះថ្នាលបណ្ដុះកូនឈើបានចំនួន៤១ប្រភេទ សរុបចំនួន១១៣១២៧ដើម និងបានចែកចាយ ចំនួន៧៩០៩ដើមដល់សហគមន៍។ ក្រៅពីការងារបណ្តុះកូនឈើ ការងារសាកវប្បកម្ម ដូចជាការកាត់ផ្សាំបណ្តុះរុក្ខជាតិលម្អ និងឈើហូបផ្លែក៏បានអនុវត្ដ ដើម្បីចែកចាយដល់សហគមន៍ផងដែរ។