វត្ថុសិល្បៈនៅប្រាសាទព្រះវិហារស្ទើតែទាំងអស់ត្រូវបានបាត់បង់ ជាពិសេសរូបបដិមា។ សព្វថ្ងៃនៅសល់តែជើងទម្ររូបបដិមា និងចម្លាក់តោប៉ុណ្ណោះ។ ការបាត់បង់ភាគច្រើនគឺក្នុងពេលប្រទេសសៀមដកចេញពីតំបន់ប្រាសាទព្រះវិហារ ក្រោយប្រកាស សាលដីកាឆ្នាំ១៩៦៣ និងក្រោយមកត្រូវបាន បំផ្លាញជាបន្តបន្ទាប់ទៀតនៅពេលសង្គ្រាមសម័យខ្មែរក្រហម ដែលបានវាយ បំបែកសំណង់ប្រាសាទ និងចម្លាក់តោយកទៅសាងសង់ជាលេណដ្ឋាន។
គោលបំណង នៃការចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ដែលនៅសេសសល់នៅប្រាសាទព្រះវិហារ គឺដើម្បីដឹងចំនួនច្បាស់លាស់ កំណត់អត្តសញ្ញាណរបស់វត្ថុសិល្បៈចងក្រងឯកសារ និងពិនិត្យលទ្ធភាពជួសជុលឡើងវិញរាល់វត្ថុសិល្បៈដែលបាក់បែក។
លទ្ធផលទទួលបានពីការចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៅប្រាសាទព្រះវិហារ នៅដំណាក់កាលទី១ នៅខែវិច្ឆិកា ឆ្នាំ២០១៥ គឺផ្តោតតែវត្ថុសិល្បៈនៅក្នុងបរិវេណតួប្រាសាទ និងចម្ងាយ២០ម៉ែត្រពីប្រាសាទ។ ដំណាក់កាលបន្ទាប់ ក្រុមការងារបន្ត ចុះបញ្ជីវត្ថុសិល្បៈដែលប្រទះឃើញតាមរយៈការហូរច្រោះដី និងបានពីការធ្វើកំណាយស្រាវជ្រាវ។ ដំណាក់កាលទី១ ក្រុមការងារបានចុះបញ្ជីចម្លាក់តោសរុបចំនួន៩៤បំណែក ទេវរូបសរុបចំនួន ០២បំណែក ជើងទម្របដិមាសរុបចំនួន ០៩ដុំ និងជើងទម្រលិង្គ សរុបចំនួន ០៣ដុំ។