នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបានចាប់ផ្តើមប្រមូលទិន្នន័យទាក់ទងទៅនឹងការប្រគល់ ទទួលវត្ថុសិល្បៈ ដែល ប្រមូលបានពី ការធ្វើកំណាយស្រាវជ្រាវ និងការប្រទះឃើញដោយប្រជាពលរដ្ឋ និងសមត្ថកិច្ច ទាំងនៅក្នុង និងក្រៅ តំបន់ការពារ រមណីយដ្ឋានប្រាសាទព្រះវិហារ។ អាជ្ញាធរជាតិព្រះវិហារ តែងតែសហការ ជាមួយអង្គភាពនគរបាល ការពារបេតិកភណ្ឌ ចុះត្រួតពិនិត្យ និងទទួលវត្ថុសិល្បៈមករក្សាទុក។
គោលបំណងដើម្បីផ្សព្វផ្សាយ សហការណ៍ជាមួយកងកម្លាំង និងប្រជាពលរដ្ឋក្នុងការចូលរួមអភិរក្សនិងថែរក្សាបុរាណវត្ថុ។ កាលពីឆ្នាំ២០១៣ អាជ្ញាធរជាតិព្រះវិហារបានបើកវគ្គបណ្តុះបណ្តាល ស្តីអំពីការអភិរក្ស និងការវិភាគកុលាលភាជន៍ ដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់ និងតម្លៃនៃបុរាណវត្ថុដែលយើងត្រូវចូលរួមថែរក្សាទាំងអស់គ្នា។ បន្ទាប់ពីផ្សព្វផ្សាយក្នុង វគ្គបណ្តុះបណ្តាលខាងលើ ប្រជាជន ពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធ មានការយល់ដឹង ច្រើន ហើយបានចូលរួម ប្រគល់បុរាណវត្ថុដូចជា៖ កុលាលភាជន៍ និងវត្ថុសិល្បៈធ្វើអំពីថ្មជូនអាជ្ញាធរជាតិ ព្រះវិហារគឺដើម្បីរក្សាទុក សិក្សា និងដាក់តាំងបង្ហាញ។
លទ្ធផលទទួលបានវត្ថុសិល្បៈពីអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋរួមមាន៖ បំណែកមុខទេវរូប សិលាចារឹកប្រាសាទតាក្របី ចម្លាក់តោ ចម្លាក់គោ បំណែកចម្លាក់បដិមា ជើងទម្រ បំណែកចម្លាក់ប្រាសាទ បំណែកឧបកណ៍កិនថ្នាំបុរាណ(ថ្មបស់) បំណែកអង្រែកិនថ្នាំ ចម្លាក់ទេវរូបលោហៈ ឧបករណ៍លោហៈ (ដាវ លំពែង និងថូ) បំណែកដុំឥដ្ឋប្រាសាទ បំណែកក្បឿង និងកុលាលភាជន៍មួយចំនួនដែលមានរូបសត្វដំរី ឃ្លោក និងខ្យងស័ង្ខ។