សំណង់ប្រាសាទព្រះវិហារទាំងមូលត្រូវបានយកចិត្តទុកដាក់ថែទាំជាប្រចាំ ដោយអាជ្ញាធរជាតិ ព្រះវិហារ។ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានដើរតួយ៉ាងសំខាន់ក្នុងការសិក្សាផែនទីហានិភ័យ និងរៀបចំផែនការអភិរក្សជាប្រចាំលើសំណង់ និងរចនាសម្ព័ន្ធប្រាសាទ។ កាំជណ្តើរប្រាសាទពីគោបុរៈទី១ ដល់ទី៥ និងច្រកចូលទស្សនាប្រាសាទមួយចំនួនបានខូចខាត និងបាក់បែក ដោយកត្តាផ្សេងៗ ធ្វើឱ្យពិបាកធ្វើដំណើរទស្សនាប្រាសាទ។
គោលបំណងរៀបចំជណ្តើរ និងកំរាលឈើគឺ ដើម្បីកាត់បន្ថយសំណឹកថ្មជណ្តើរ និងថ្មចម្លាក់ ដែលជ្រុះលើដី និងជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរណ៍។
លទ្ធផលទទួលបានគឺនៅឆ្នាំ២០០៨ និង២០១៥ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសាងសង់ជណ្តើរឈើ ដើម្បីសម្រួលដល់កិច្ចការងារអភិរក្សប្រចាំថ្ងៃ និងសុវត្តិភាពដល់ភ្ញៀវទេសចរណ៍បានចំនួន ១០ទីតាំង។ ក្នុងនោះមាន ជណ្តើរគោបុរៈទី១ ចំនួន១ ទីតាំង ជណ្តើរគោបុរៈទី២ ចំនួន ៤ទីតាំង ជណ្តើរគោបុរៈទី៣ ចំនួន ១ទីតាំង ជណ្តើរគោបុរៈទី៤ ចំនួន ១ទីតាំង ជណ្តើរ គោបុរៈទី៥ ចំនួន ១ទីតាំង និងនៅជណ្តើរបុរាណខាងជើងមានចំនួន ២ទីតាំង។ លើសពីនោះ នៅឆ្នាំ២០២២ ក្រុមការងារ បានសាងសង់កំរាលឈើបន្ថែមចំនួន២ទីតាំងគឺ នៅគោបុរៈទី៤ ចំនួន១ទីតាំង និងនៅគោបុរៈទី២ ចំនួន ១ទីតាំង ដើម្បីការពារថ្មចម្លាក់ និងសម្រួលផ្លូវដើរ។