ប្រាសាទព្រះវិហារជាស្នាដៃឯកនៃស្ថាបត្យកម្មបុរាណរបស់ខ្មែរ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ សំណង់ប្រាសាទទាំងមូល គឺបានយកចិត្តទុកដាក់ ថែទាំជាប្រចាំដោយ អាជ្ញាធរជាតិព្រះវិហារ។ជាពិសេស នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានដើរតួយ៉ាងសំខាន់ក្នុងការសិក្សាផែនទីហានិភ័យ និងរៀបចំផែនការអភិរក្សជាប្រចាំ ទៅលើសំណង់ និងរចនាសម្ព័ន្ធប្រាសាទ។
ការធ្វើផែនទីហានិភ័យរចនាសម្ព័ន្ធប្រាសាទទាំងមូល គឺជាកិច្ចការដំបូងបំផុតនៃកិច្ចការងារ អភិរក្សប្រាសាទមុនឈានទៅដល់ការជួសជុល។ បន្ទាប់ពីវិភាគកម្រិតហានិភ័យនៃរចនាសម្ព័ន្ធប្រាសាទ រួចការសម្រេចចិត្តធ្វើអន្តរាគមន៍លើទីតាំងមានហានិភ័យខ្ពស់ គឺជាចំណុចអាទិភាព។ ចាប់ពីឆ្នាំ២០០៨ អាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តើមធ្វើផែនទីហានិភ័យ និងទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់ជាបន្តបន្ទាប់។
នៅឆ្នាំ២០០៨ ក្រុមការងារបានធ្វើការអន្តរាគមន៍ទល់ទ្រទីតាំង ដែលមានហានីភ័យខ្ពស់បានចំនួន១៥ទីតាំង។ នៅគោបុរៈទី២ បានចំនួន៥ទីតាំង នៅគោបុរៈទី៣ បានចំនួន៣ទីតាំង នៅគោបុរៈទី៤ បានចំនួន៤ទីតាំង និងនៅគោបុរៈទី៥ បានចំនួន៣ ទីតាំង។ បន្ទាប់មក នៅឆ្នាំ២០១៥ ក្រុមការងារបានបន្តទល់ទ្រចំណុចដែលមានហានីភ័យខ្ពស់នៅគោបុរៈទី១ និងអគារខាងលិច និងខាងកើតបានចំនួន៦ទីតាំង។ នៅឆ្នាំ២០២២ ក្រុមការងារបានបន្តទល់ទ្រទីតាំងប្រឈមគ្រោះថ្នាក់ចំនួន១០ ទីតាំង ដែលក្នុងនោះមាននៅគោបុរៈទី៤ បានចំនួន៣ទីតាំង នៅគោបុរៈទី៣ បានចំនួន១ទីតាំង និងនៅគោបុរៈទី២ បានចំនួន ៦ទីតាំង។