ក្រៅពីការងារថ្មីៗ ដែលត្រូវការស្ថាបនាថ្មីស្រឡាង ការងារជួសជុល និងថែទាំក៏ជាកិច្ចការចាំបាច់មួយរបស់អាជ្ញាធរជាតិព្រះវិហារដែរ។ ឧទាហរណ៍ រោងតាម៉ុកដែលបានកសាងឡើងនៅទសវត្សឆ្នាំ៩០ នៅផ្នែកឦសានគោបុរៈទី៤នៃប្រាសាទព្រះវិហារ ត្រូវបានជួសជុល និងថែទាំឡើងវិញយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិព្រះវិហារនៅក្នុងឆ្នាំ២០២១។
គម្រោងជួសជុល និងថែទាំនេះ គឺមានគោលបំណងពង្រឹងរចនាសម្ព័ន្ធរោងដោយផ្លាស់ប្តូរគ្រឿងបង្គុំឈើដែលខូចខាត ហើយពុកផុយ និងប្តូរដំបូលស័ង្កសីថ្មីឡើងវិញ ដើម្បីឲ្យរោងតាម៉ុកនេះនៅតែអាចបន្តទទួលភ្ញៀវជាតិ អន្តរជាតិ និងមហាជនទូទៅមកសម្រាក និងកំសាន្តក្បែរស្រះស្រង់ជិតគោបុរៈទី៤ប្រាសាទព្រះវិហារ។
ជាលទ្ធផល ក្រុមការងារសម្រេចបានតាមគម្រោងដែលគ្រោងទុកក្នុងការជួសជុល និងថែទាំ រោងតាម៉ុកនេះឡើងវិញដោយប្រើប្រាស់ថវិកាជាតិរួមមាន៖ ការផ្លាស់ប្តូរដំបូលស័ង្កសីថ្មី ពិដានឈើ រនូតក្តារក្រាល ថាសអង្គុយសម្រាក បង្កាន់ដៃ ជណ្តើរឈើ លាបថ្នាំការពារកណ្តៀរ លាបពណ៌ថ្មី ខាត់និងលាបតុបេងពក និងកាត់មែកឈើដែលដុះគ្របពីលើដំបូលអគារ។