តាមរយៈការសង្កេត និងសិក្សាស្រាវជ្រាវបន្តបន្ទាប់បានបង្ហាញថាស្ថានភាពប្រាសាទនីមួយៗក្នុងរមណីយដ្ឋានប្រាសាទកោះកេរបានរងនូវការទ្រុឌទ្រោមយ៉ាងខ្លាំងដោយកត្តាធម្មជាតិ និងកត្តាមនុស្ស ដែលនឹងឈានដល់ការខូចខាតឬដួលរលំច្រើននាពេលអនាគត។ ដើម្បីថែរក្សាសម្បត្តិបេតិភណ្ឌទាំងនោះឲ្យនៅគង់វង្ស និងស្ថិតស្ថេរតទៅមុខទៀត កិច្ចការសំខាន់ដែលត្រូវធ្វើបន្ទាន់គឺត្រូវសិក្សារៀបចំចងក្រងឯកសារផែនទីហានិភ័យនូវស្ថានភាពខូចខាតបច្ចុប្បន្នរបស់ប្រាសាទនីមួយៗ ដើម្បីកំណត់ពីផែនការអភិរក្សតាមកម្រិតហានិភភ័យខ្ពស់ មធ្យម និងទាបនៃប្រាសាទនីមួយៗ។
គោលបំណងនៃការសិក្សា និងរៀបចំឯកសារផែនទីហានិភ័យគឺដើម្បីកំណត់កម្រិតហានិភ័យតាមប្រាសាទនីមួយៗ និងលើកផែនការអន្តរាគមន៍។ ការសិក្សានេះបានប្រើបច្ចេកទេសទំនើបទរួមមាន៖ ការធ្វើផែនទី (ប្លង់បាត និងប្លង់ពំនុះកាត់) សម្រាប់បញ្ចូលក្នុងទីតាំងនៃផែនទីសកលលោកតាមកម្មវិធី GIS និងការធ្វើផែនទីតាមលក្ខណៈរូបភាពមើលគ្រប់ជ្រុង (3D តាមរយៈកម្មវិធី Agisoft PhotoScan) ដែលកម្មវិធីទាំងពីរនេះមានសារៈប្រយោជន៍ដល់ការងារអភិរក្សប្រាសាទ និងស្រាវជ្រាវបែបបុរាណវិទ្យាតទៅអនាគត។ ផែនការសិក្សាផែនទីហានិភ័យប្រាសាទមានចំនួន៤០ដូចជា៖ ប្រាសាទធំ ប្រាសាទត្រពាំងឬស្សី ប្រាសាទបល្ល័ង្កខាងជើង ប្រាសាទថ្នឹង ប្រាសាទបល្ល័ង្កខាងត្បូង ប្រាសាទលឹង្គអណ្ដូងគុក ប្រាសាទស្រឡៅ ប្រាសាទក្រចាប់ ប្រាសាទបេង ប្រាសាទបន្ទាយពីរជាន់ ប្រាសាទចម្រះ ប្រាសាទច្រាប ប្រាសាទខ្ទុម្ភ ប្រាសាទដំរី ប្រាសាទខ្នារ ប្រាសាទក្រហម ប្រាសាទចិន អណ្តូងព្រេង ប្រាសាទបាក់ ប្រាសាទនាងខ្មៅ ប្រាសាទប្រាំ ប្រាសាទសំព័រ ប្រាសាទត្រពាំងស្វាយ ប្រាសាទពង្រ ប្រាសាទត្រពាំងបេង ប្រាសាទបឹងវែង ប្រាសាទបី ប្រាសាទរលំ ប្រាសាទដាន ប្រាសាទយាងបោង ប្រាសាទទួលគ្រួស ប្រាសាទត្រពាំងតាត្បូង ប្រាសាទត្រពាំងតាជើង ប្រាសាទបុស្សល្លុង ប្រាសាទសុភី ប្រាសាទទឹកក្រហម ប្រាសាទក្លោងទ្វារ ប្រាសាទទួល កន្តប់ និងប្រាសាទគោកគ្រើល។
លទ្ធផលការងារនៅក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០១៩ ក្រុមមន្ត្រីចម្រុះនាយកដ្ឋាននៃអាជ្ញាធរជាតិព្រះវិហារបានចុះសិក្សា និងចងក្រងឯកសារផែនទីហានិភ័យតាមប្រាសាទបានចំនួន២៤ រួមមាន៖ ប្រាសាទធំ ប្រាសាទត្រពាំងឬស្សី ប្រាសាទបល្ល័ង្កខាងជើង ប្រាសាទថ្នឹង ប្រាសាទបល្ល័ង្កខាងត្បូង ប្រាសាទលឹង្គអណ្ដូងគុក ប្រាសាទស្រឡៅ ប្រាសាទក្រចាប់ ប្រាសាទបេង ប្រាសាទបន្ទាយពីរជាន់ ប្រាសាទចម្រេះ ប្រាសាទច្រាប ប្រាសាទខ្ទុម្ភ ប្រាសាទដំរី ប្រាសាទខ្នារ ប្រាសាទក្រហម ប្រាសាទចិន អណ្តូងព្រេង ប្រាសាទបាក់ ប្រាសាទនាងខ្មៅ ប្រាសាទប្រាំ ប្រាសាទសំព័រ ប្រាសាទត្រពាំងស្វាយ និងប្រាសាទពង្រ។ ចំពោះប្រាសាទដែលនៅសល់ នឹងបន្តនៅក្នុងដំណាក់កាលទី២ និងទី៣ថែមទៀត។