គោបុរៈទី២ មានមណ្ឌបមួយចំកណ្តាលតភ្ជាប់ទៅគោបុរៈទី១ បណ្ណាល័យពីរ និងថែវព័ទ្ធជុំវិញ។ ថែវខាងកើត និងខាង លិចមានជញ្ជាំងបិទជិតនៅផ្នែកខាងក្រៅ និងផ្នែកខាងក្នុងមានផ្ទៃលំហ មានសសរថ្មពីរជួរចំនួន២០ ដែល ជាភស្តុតាង បង្ហាញថាមានដំបូលក្បឿងគ្របពីលើថែវទាំងពីរ។ នៅសងខាងអគារកណ្តាល មានបណ្ណាល័យចំនួនពីរ រាងបួនជ្រុង ទ្រវែង ដែលមានទទឹងប្រវែង៦,៥ម៉ែត្រ និងបណ្តោយ១១ម៉ែត្រ។ នៅលើមេទ្វារនៃច្រកចូលខាងត្បូងមាន សិលាចារឹក ចុះកាលបរិច្ឆេទក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ ដែលអាចឱ្យយើងដឹងថា ព្រះអង្គបានជ្រើសរើសយកប្រាសាទព្រះវិហារជាទី សក្ការៈមួយក្នុងចំណោមទីសក្ការៈបីដើម្បីតម្កល់ព្រះសិវៈលិង្គឈ្មោះ សូរ្យមេស្វរ (ព្រះឥសូរនៃព្រះបាទសូរ្យ វរ្ម័នទី១)។ សិលាចារឹកនេះក៏បានលើកឡើងអំពីក្រុម បះបោរប្រឆាំងនឹងព្រះអង្គ ដែលមានឈ្មោះថាក្រុមបាសខ្មៅ។ នៅឆ្នាំ១០៣៨ គ.ស ព្រះបាទសូរ្យវរ្ម័នទី១ បានប្រកាសថា ទេពស្រីភដ្រេស្វរ បានយាងមកគង់សណ្ឋិតនៅប្រាសាទព្រះវិហារ ហើយបាន លើកទឹកចិត្ត ដល់ប្រជានុរាស្រ្តឱ្យធ្វើសច្ចាប្រណិធានស្មោះភក្តីដល់ព្រះសិវៈដែលជា តំណាងទេព ការពារទឹកដីថ្វាយ ព្រះអង្គ។ នៅពេលនោះ ការបះបោរត្រូវបានកំចាត់ចោលដោយស្នាព្រះហស្តរបស់ព្រះអង្គ។