តំបន់ទេសភាពដ៏ស្រស់ត្រកាល រួមទាំងមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិយ៉ាងពិសិដ្ឋ នៅលើតំបន់ភ្នំត្បែង កំពុងរង់ចាំភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅទស្សនា។ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ សម្បូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះសម្បូណ៍បែប និងមានប្រវត្តិដ៏អស្ចារ្យកាលពីសម័យមុន។ តំបន់នេះលាតសន្ធឹងលើផ្ទៃដី ២,៥ម៉ឺនហិកតា ដោយគ្របដណ្តប់ចំនួន ៥ស្រុក នៃខេត្តព្រះវិហារ។
មុននឹងឡើងដល់កំពូលភ្នំនេះ អ្នកទេសចរ ត្រូវធ្វើដំណើរតាមជម្រាលភ្នំ ដែលអមទៅដោយទេសភាពដំណាំចម្ការរបស់ប្រជាជនដាច់កន្ទុយភ្នែក ហើយអ្វីដែលសំខាន់នោះ គឺត្រូវឡើងភ្នំដែលមានកម្ពស់ជាង ៤០០ម៉ែត្រ និងមានកាំជណ្តើរ ១៨០០កាំ។
យោងតាមអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ គឺជាទីជម្រកធម្មជាតិដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ដែលគាំទ្រដល់ការរស់នៅនៃហ្វូងសត្វព្រៃជាច្រើនប្រភេទ ពិសេសពពួកថនិកសត្វប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក។ ប្រភពដដែលបញ្ជាក់ថា តំបន់នេះ ក៏មានទឹកជ្រោះធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែង ដែលមានសក្តានុពលសម្រាប់ ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅថ្ងៃអនាគតផងដែរ។
គួរបញ្ជាក់ថា តំបន់ភ្នំត្បែងមានជ័យ ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦៕