អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយសាលាខេត្តព្រះវិហារ និងក្រុមការងារ Run With Sai រៀបចំព្រឹត្តការណ៍កីឡា រត់ដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៣) ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម យ៉ុង គឹមហ៊ាន តំណាង ឯកឧត្តម គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារ Run With Sai ដែលដឹកនាំដោយលោក អ៊ួន បឋម (សាយ) ជាស្ថាបនិកក្នុងការរៀបចំព្រឹត្តការណ៍ Preah Vihear Temple Run ឃុំស្រអែម អង្គភាពប្រចាំទិសប្រាសាទព្រះវិហារ បុគ្គលិកក្រុមហ៊ុនគាំទ្រកម្មវិធី និងស្ថាប័នផ្សេងៗទៀតសរុបជាង៦០០នាក់។ កម្មវិធីនេះទទួលបានការឧបត្ថម្ភពី THE MANY FOUNDATION, V-ACTIVE, SMART AXIATA សហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងដៃគូរសហការជាច្រើនទៀត។ កម្មវិធីនេះបានចាប់ផ្ដើមនៅម៉ោង៦:៣០នាទីព្រឹក រត់ចេញពីទីតាំងជើងភ្នំប្រាសាទព្រះវិហារ ឆ្ពោះទៅគោបុរៈទី៤ នៃប្រាសាទព្រះវិហារ ដែលមាន ២វិញ្ញាសារ ក្នុងនោះមាន វិញ្ញាសាររត់មានចម្ងាយ៧គីឡូម៉ែត្រ និងវិញ្ញាសារដើរ ចម្ងាយ៧០០ម៉ែត្រ។