ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានទទួលបានចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត ប្រវត្តិសិល្ប: បដិមាសាស្រ្ត ទប់ស្កាត់ការជួញដូរវត្ថុបុរាណ ព្រៃឈើ និងការគ្រប់គ្រងកាកសំណល់ក្នុងតំបន់បេតិកភណ្ឌ។
កម្មវិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ឃូ អៀងហួត អគ្គនាយករងប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកេរ និងមានការចូលរួមពីសំណាក់លោកប្រធាន/អនុប្រធាននាយកដ្ឋាន មន្រ្តី សន្តិសុខសណ្តាប់ធ្នាប់ លោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១១នៃវិទ្យាល័យស្រយង់ សរុបចំនួន៥០នាក់។ កម្មវិធីរួមមានការធ្វើបទបង្ហាញអំពី ១)រមណីយដ្ឋានប្រាសាទកោះកេរ ២)ការលួចវត្ថុបុរាណដោយខុសច្បាប់ និងការទាមទារត្រលប់មកវិញ ៣)គុណតម្លៃព្រៃឈើ និង ៤) ការគ្រប់គ្រងកាកសំណល់លក្ខណៈគ្រួសារក្នុងតំបន់បេតិកភណ្ឌ។
នៅក្នុងកម្មវិធីនេះផងដែរ លោក ភិន សំណាង និង លោក ថូ ថុន រួមជាមួយមន្រ្តីបច្ចេកទេស បាននាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមតាមប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនោះមាន ប្រាសាទបន្ទាយពីជាន់ ប្រាសាទធំ ប្រាសាទចិន និង ថ្នាលបណ្តុះកូនឈើ។