នៅថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ បានចុះផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមមាន់លើកទី១ ដល់ប្រជាជននៅភូមិរំចេកចំនួន១៧នាក់។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយអំពីបច្ចេកទេសចិញ្ចឹមមាន់ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះ រួមមាន បច្ចេកទេសសាងសង់ទ្រុងមាន់ ការជ្រើសរើសពូជ ការផ្តល់ទឹកចំណី ការដាំចកអាសូឡា ការចាក់វ៉ាក់សាំងការពារ ការប្រើថ្នាំការពារជំងឺ និងការថែទាំអនាម័យជាដើម។ បន្ថែមពីនេះក៏មានការចែកឯកសារបច្ចេកទេសចិញ្ចឹមមាន់ និងការអនុវត្តធ្វើថ្នាំការពារ និងថ្នាំព្យាបាលជំងឺផ្សំពីធម្មជាតិផងដែរ។
ក្រោយពីបណ្តុះបណ្តាលរួចប្រជាកសិករទទួលបានមូលដ្ឋានចំណេះដឹង វិធានការការពារមាន់ឈឺ ការចែករំលែកបទពិសោធន៍ និងប្តេជ្ញាចិត្តអនុវត្តទៅតាមបច្ចេកទេសដើម្បីបង្កើនផលិតកម្មមាន់ឲ្យប្រសើរឡើងសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់ចេញទៅទីផ្សារក្នុងស្រុក។
អត្ថបទ និងរូបភាព៖ ឃន់ វិច្ឆិកា