ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំយុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រះក្ដុល ដែលស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ កម្មវិធីផ្សព្វផ្សាយនេះមានអ្នកចូលរួមសរុបចំនួន៧០នាក់ រួមមាន មន្រ្តី និងពលករអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រះក្ដុល។
យុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមនេះធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ គឺ ទី១)អប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស អំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទី២)បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះ និងទីសាធារណៈដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍រស់នៅរបស់ខ្លួន។