ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទនិងរមណីយដ្ឋាន(ICOMOS) អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមការគាំទ្រដោយវដ្តជំនួយឧបត្ថម្ភអន្តរជាតិ២០២៤/២០២៥របស់អនុសញ្ញាបេតិកភណ្ឌពិភពលោក។
ទិន្នន័យទាំងអស់នេះនឹងប្រើជាមូលដ្ឋានដើម្បីរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។
នៅក្នុងបេសកកម្មនេះផងដែរ ក៏មានការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងអំពីបេតិកភណ្ឌពិភពលោក និងការប្រែប្រួលអាកាសធាតុ ដោយអង្គការយូណេស្កូ និងទីប្រឹក្សាគម្រោង ដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងសិស្សានុសិស្ស សរុប៥៥នាក់។