នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានទទួលព្រះកេសទេវរូប(ប្រុស)ចំនួន១ ពីលោក ឆោម ជា អាយុ៤៥ឆ្នាំ រស់នៅភូមិសែន ជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលលោកបានប្រទេះឃើញពេលសម្អាតស្មៅតាមរោងដំឡូង។ ទីតាំងដែលបានប្រទះឃើញ ជាទួលបុរាណ ត្រពាំងបុរាណ និងបានរកឃើញមានបំណែកកុលាលភាជន៍ជាច្រើន ដើម្បីរក្សាទុកនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ សម្រាប់អភិក្ស និងដាក់តាំងបង្ហាញ។
សូមបញ្ជាក់ថា ព្រះកេសទេវរូបនេះ មានទទឹង១៨ស.ម កម្ពស់២៨ ស.ម កម្រាស់១៦ ស.ម មានស្នាមសឹករេចរិលនៅផ្នែកខាងមុខ និងបែកបាត់នៅផ្នែកខាងលើ ក្នុងរចនាបទសម័យអង្គរ សតវត្សទី១១។
អាជ្ញាធរជាតិព្រះវិហារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោក ឆោម ជា ដែលបានសហការ ផ្តល់ព័ត៌មាន និងស្ម័គ្រចិត្តប្រគល់វត្ថុបុរាណដល់អាជ្ញាធរជាតិព្រះវិហារ។
សូមរំលឹកថា កន្លងមកអាជ្ញារធរជាតិព្រះវិហារតែងតែបានទទួលវត្ថុបុរាណពីបណ្តាអង្គភាពនានា និងបងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ និងស្ម័គ្រចិត្តប្រគល់ ជូនមកសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីអភិរក្ស និងថែរក្សា ទុកជាបេតិកភណ្ឌរបស់ជាតិ។