ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមការងារសិក្សាហានិភ័យនៃអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាផលប៉ះពាល់ផ្លូវវង់ទស្សនាថ្មីប្រវែង ១០.៩គីឡូម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែលគ្រោងបង្កើតថ្មីដើម្បីបញ្ចៀសផលប៉ះពាល់ចំពោះកំណាត់ផ្លូវចាស់ដែលបានសាងសង់ក្បែរសំណង់ប្រាសាទមួយចំនួន។ ក្រុមការងារនេះ មានមន្ត្រីបច្ចេកទេសចម្រុះនាយកដ្ឋាន បានចុះអនុវត្តន៍ការងារ ដូចជា៖
១. ក្រុមសិក្សាផែនទី និងកំណត់បង្គោលអ័ក្សផ្លូវថ្មី បានបោះបង្គោលកំណត់អ័ក្សទ្រូងផ្លូវថ្មីចេញពីខាងមុខប្រាសាទបន្ទាយពីរជាន់ ឆ្ពោះទៅកាត់ភូមិកោះកេរ និងបន្តឆ្ពោះទៅខាងក្រោយប្រាសាទធំ រួចបញ្ចប់ត្រឹមផ្លូវប្រសព្វបត់ទៅប្រាសាទខ្នារបានចំនួន ៨២បង្គោល (ទ្រូងផ្លូវមានទំហំ១០ម៉ែត្រ) និងបង្គោលកំណត់ពីអ័ក្សទ្រូងផ្លូវ ២៥ម៉ែត្រសងខាង បានចំនួន ១៦៤បង្គោល ដើម្បីឲ្យក្រុមការងារចុះពិនិត្យពីផលប៉ះពាល់ផ្សេងៗ។
២. ក្រុមសិក្សាផ្នែកបុរាណវិទ្យា បានចុះពិនិត្យតាមបណ្តាយអ័ក្សផ្លូវថ្មី ដើម្បីសិក្សាពីផលប៉ះពាល់លើទីតាំងដែលមានស្លាកស្នាមបុរាណវិទ្យា រួមមាន ទីទួលបុរាណ ទំនប់បុរាណ និងសំណល់គ្រឹះសំណង់បុរាណ បានរកឃើញសរុបចំនួន ១៣ទីតាំង។ ក្នុងចំណោម១៣ទីតាំងនោះ ទីតាំងដែលត្រូវសិក្សាលម្អិតមានចំនួន ៤ទីតាំងសំខាន់ ដែលត្រូវការអង្កេតលម្អិត និងប្រមូលទិន្នន័យបន្ថែម ដើម្បីផ្ដល់យោបល់បច្ចេកទេស និងសិក្សាពីលទ្ធភាពអាចធ្វើបាន ឬត្រូវបង្កើតផ្លូវវាងថ្មី។
៣. ក្រុមសិក្សាផ្នែកបរិស្ថាន ព្រៃឈើ និងទឹក បានចុះសិក្សាផលប៉ះពាល់លើផ្នែកបរិស្ថាន តាមបណ្តោយផ្លូវនោះ។ ក្រុមការងារបានចុៈពិនិត្យ និងសិក្សាទីតាំងដើមឈើនៅលើអ័ក្សផ្លូវថ្មី ដើម្បីកំណត់ប្រភេទដើមឈើដែលអាចដកហូត និងរក្សាទុកចំពោះប្រភេទដើមឈើកម្រ និងបានសិក្សាផលប៉ះលើទីតាំងដែលជាត្រពាំង អូរ ប្រឡាយតូចធំ សរុបចំនួន ៥ទីតាំង។ ៤. ក្រុមសិក្សាផ្នែកទេសចរណ៍ បានចុះសិក្សាលើផលប៉ះពាល់ផ្នែកទេសចរណ៍ គិតគូរពីការរៀបចំណតបណ្តោះអាសន្នតាមប្រាសាទនីមួយៗក្នុងវង់ទស្សនាថ្មី និងបានសិក្សាលើទីតាំងដែលមានទេសភាពទាក់ទាញមួយចំនួនក្បែរដងផ្លូវថ្មីនេះ។
អត្ថបទ៖ ថាច់ ផានិត