លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៣ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៦(ម្ភៃប្រាំមួយ)រូប។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលជាសេនាធិការផ្ទាល់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបំពេញបេសកកម្មទៅលេី កិច្ចការពារ គ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារនារសៀលនោះ បានពិភាក្សា អនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖ (១)របាយការណ៍លទ្ធផលអនុវត្តន៍អនុសាសន៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥ លេីកទី១ និងលើកទី២ (២)របាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុខែមករា ដល់ខែកញ្ញាឆ្នាំ២០២៤ (៣)របាយការណ៍លទ្ធផលអនុវត្តគម្រោងមូលនិធិអង្គរឆ្នាំ២០២១ដល់ឆ្នាំ២០២៤ (៤)សំណេីសុំអនុម័ត និង(៥)បញ្ហាផ្សេងៗ។