ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារគម្រោងកសិកម្ម និងព្រៃឈើដែលទទួលការឧបត្ថម្ភពីមូលនិធិ ដាវិនអ៉ីនីធីអេធីវ រួមមានបណ្ឌិត ចកជីម ក្រាហ្វៀល ជាប្រធានគម្រោង និងជាប្រធានកម្មវិធីថ្នាក់តំបន់នៃអង្គការអភិរក្សសួនភូត្តគាមអន្តរជាតិ និងដៃគូអនុវត្ដន៍គម្រោងរួមមានក្រុមការងារអង្គការកសិរុក្ខកម្មពិភពលោកដឹកនាំដោយបណ្ឌិត ងុយិន ក្វាងតាន ជាអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសវៀតណាម និងអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយឯកឧត្តម ឃូ អៀងហួត ជាអគ្គនាយករង បានចុះពិនិត្យ សួនកសិរុក្ខកម្មរបស់សហគមន៍ក្នុងឃុំស្រអែម ថ្នាលបណ្តុះកូនឈើ និងទីតាំងស្ដារព្រៃឈើឡើងវិញក្នុងតំបន់អភិរក្សនៃរមណីយដ្ឋានប្រាសាទព្រះវិហារដែលទទួលបានការគាំទ្រដោយគម្រោងក្នុងរយៈពេល៣ឆ្នាំកន្លងមក រួមនឹងការពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទងនឹងបច្ចេកទេសដាំដុះ ការរៀបចំសួនកសិរុក្ខកម្ម ទីផ្សារកសិផល ការស្តារព្រៃឈើឡើងវិញក្នុងស្ថានប្រព័ន្ធព្រៃស្ងួត។ នៅក្នុងបេសកកម្មសិក្សាវាយតម្លៃលទ្ធផលការងាររបស់គម្រោងនេះ ក៏មានការរៀបចំសិក្សាសាលាបញ្ចប់គម្រោងផងដែរ ដែលមានអ្នកចូលរួមសរុប ៨២រូប មកពីស្ថាប័នផ្សេងៗរួមមានអាជ្ញាធរជាតិព្រះវិហារ អង្គការសួនភូត្តគាមអន្តរជាតិ(BGCI) អង្គការកសិរុក្ខកម្មពិភពលោក(ICRAF) តំណាងស្ថានទូតចក្រភពអង់គ្លេស ស្ថាប័នជំនាញពាក់ព័ន្ធ សាកលវិទ្យាល័យ តៃងុយិននៃប្រទេសវៀតណាម សាកលវិទ្យាល័យវិទ្យាសាស្រ្តកសិកម្មស្វីស អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន។
គម្រោងនេះបានអនុវត្តក្នុងភូមិចំនួនបួនរួមមាន ភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ភូមិស្រអែមខាងជើង ភូមិសែនជ័យ និងភូមិតេជោបុស្សស្បូវ ក្នុងឃុំស្រអែម ក្នុងគោលបំណងផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មដោយដាំដំណាំតែមួយមុខ ទៅជាប្រព័ន្ធកសិរុក្ខកម្ម ដែលមានដាំចម្រុះរវាងឈើហូបផ្លែ ឈើព្រៃ និងដំណាំតាមរដូវ ឬលាយជាមួយការចិញ្ចឹមសត្វ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ធានាបាននូវសុវត្ថិភាពស្បៀង រក្សាជីជាតិដី និងរក្សាតុល្យភាពស្ថានប្រព័ន្ធនៅក្នុងដីចម្ការ។ សកម្មភាព និងលទ្ធផលសំខាន់ៗរបស់គម្រោងរួមមាន៖
1. បង្រៀនបច្ចេកទេសអំពីប្រព័ន្ធកសិរុក្ខកម្ម ដាំនិងថែទាំឈើហូបផ្លែ សាកវប្បកម្ម ផលិតជីវកំប៉ុស្ត និងថ្នាំពុលសរីរាង្គ ការធ្វើទីផ្សារកសិផល កែច្នៃកសិផល និងថតវីដេអូជាដើម។
2. ផ្តល់ពូជឈើហូបផ្លែ និងគ្រាប់ពូជដំណាំ និង
3. ស្តារព្រៃឈើឡើងវិញ