6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីទស្សនកិច្ចសិក្សាការដ្ឋានអភិរក្ស និងជួសជុលប្រាសាទនៅខេត្តតាកែវ ខេត្តសៀមរាប និងខេត្តកំពង់ធំ

Thursday, April 27, 2023

ចាប់ពីថ្ងៃអាទិត្យ ៤កើត ដល់ថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ អមដោយលោកអនុ ប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីបច្ចេកទេស នៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ និងមន្ត្រីបច្ចេកទេសរមណីយដ្ឋានកោះកេរ ធ្វើទស្សនកិច្ចសិក្សានៅតាមការដ្ឋានអភិរក្ស និងជួសជុលប្រាសាទមួយចំនួននៅខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តសៀមរាប។

ដំណើរទស្សនកិច្ចសិក្សានេះបានទទួលការឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (Ambassadors Fund for Cultural Preservation - AFCP) តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

គោលបំណង នៃទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់ពីការរៀបចំ ការគ្រប់គ្រងការដ្ឋាន បច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទ ប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្មសំណង់បុរាណដើម្បីពង្រឹង សមត្ថភាពបន្ថែមលើជំនាញអភិរក្ស និងជួសជុលប្រាសាទដល់មន្រ្តីបច្ចេកទេស ដែលកំពុងអនុវត្តន៍ការងារនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។

នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃនេះ ក្រុមមន្ត្រីបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារបានទទួលនូវ បទពិសោធន៍ល្អៗជាច្រើនអំពីការរៀបចំការដ្ឋាន បច្ចេកទេសអភិរក្ស និងជួសជុល ប្រាសាទឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ នៅការដ្ឋានប្រាសាទភ្នំដា និងភ្នំជីសូរ្យ នៅខេត្តតាកែវ ការដ្ឋានសំបូរព្រៃគុកនៅខេត្តកំពង់ធំ ការដ្ឋានប្រាសាទមេបុណ្យខាងលិច និងប្រាសាទចៅស្រីវិបុល នៅខេត្តសៀមរាប។

អាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ឯកឧត្តមអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិ អប្សរា ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បច្ចេកទេសទាំង អស់ដែលបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់មន្ត្រី បច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ ដើម្បីយកមកបំរើការងារក្នុងការអភិរក្ស និងជួសជុល បេតិកភណ្ឌ។

អត្ថបទៈ ធីម ម៉េងលី
រូបថតៈ ឈឿន វេត

Thursday, April 27, 2023