3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ការចុះត្រួតពិនិត្យផ្លូវវង់ទស្សនាថ្មី ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Saturday, August 27, 2022

នាល្ងាចថ្ងៃសៅរ៍ ១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម លី សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរ បានចុះពិនិត្យស្ថានភាពផ្លូវវង់ទស្សនាថ្មីក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានដាក់ស្នើសុំស្ថាបនាផ្លូវ ដោយអាជ្ញាធរជាតិព្រះវិហារ ដែលមានប្រវែងសរុប១១គីទ្បូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST ក្នុងការចុះពិនិត្យនោះមានការអមដំណើរ និងពន្យល់បង្ហាញនៅទីតាំងផ្ទាល់ដោយលោក គឹម សំណាង ប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ និងលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងមន្រ្តីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្រ្តីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ ឲ្យចុះសិក្សាឋានលេខា និងរៀបចំឯកសារបន្ទុក និងគំនូសប្លង់បច្ចេកទេសផ្លូវឲ្យបានត្រឹមត្រូវ មុននឹងរៀបចំសំណើមកកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុម័ត។

សូមជម្រាបផងដែរថា ផ្លូវវង់ទស្សនានេះមានសារៈសំខាន់ណាស់ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរមកទស្សនាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងការធ្វើដំណើររបស់អ្នកភូមិដែលរស់ក្នុងរមណីយដ្ឋាននេះ។

អត្ថបទនិងរូបភាពដោយ៖ លោក យ៉ែម សារិទ្ធ

Saturday, August 27, 2022