ថ្ងៃសៅរ៍ ៦កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអាជ្ញាធរដែនដី និងសាលារៀនបឋមសិក្សា និងមធ្យមសិក្សាក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន រៀបចំយុទ្ធនាការប្រមូលសំរាមប្លាស្ទិចតាមដងផ្លូវក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងគោលបំណងសំខាន់ចំនួនបីគឺ ទី១)សម្អាតសំរាមរាយប៉ាយតាមដងផ្លូវដើម្បីលើកកម្ពស់សោភណ្ឌភាពក្នុងភូមិ ទី២) អប់រំដល់ប្រជាសហគមន៍ឱ្យយល់អំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទី៣) បញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាមបានត្រឹមត្រូវនៅតាមផ្ទះ និង កុំបោះសំរាមចោលតាមទីសាធារណៈ ដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍រស់នៅរបស់ខ្លួន។
យុទ្ធនាការនេះ មានអ្នកចូលរួមសរុបចំនួន៧០នាក់ រួមមានថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សមាជិកក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រអែម មេភូមិ អនុភូមិ និង ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែន ស្រះក្ដុល។