អាជ្ញាធរជាតិព្រះវិហារ បានចាត់ទុកថា ការបញ្រ្ជាបចំណេះដឹងអំពីតម្លៃបេតិកភណ្ឌ និងធនធានធម្មជាតិដល់សិស្សានុសិស្ស បានរួមចំណែកយ៉ាងសំខាន់បំផុសគំនិតដល់យុវជនជំនាន់ក្រោយ បានស្វែងយល់អំពីតម្លៃប្រពៃណី វប្បធម៌ កេរដំណែលដូនតាខ្មែរ និងកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌។
ថ្លែងនៅក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន ដល់សិស្សានុសិស្សនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ លើកទី២៨ ធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករង ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិព្រះវិហារ តាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ តែងតែរៀបចំនូវសិក្ខាសាលាអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋ សិស្សានុ សិស្សដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅក្នុង និងក្រៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ឯកឧត្តម បានបញ្ជាក់ថា ការបញ្រ្ជាបចំណេះដឹងនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងបណ្តុះគំនិតស្មារតីដល់យុវជនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណី ជំនឿអរូបី សារៈប្រយោជន៍នៃធនធានធម្មជាតិ ការទប់ស្កាត់ការជួញដូរវត្ថុបុរាណ និងករណីយកិច្ចចូលរួមកិច្ចការពារបេតិកភណ្ឌវប្បធម៌ប្រកបដោយនិរន្តរភាព។
ជាមួយគ្នានោះលោក ថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងមន្រ្តីបច្ចេកទេស ក៏បានដឹកនាំសិស្សានុសិស្សទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ តាមប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនោះមាន ប្រាសាទធំ ប្រាសាទចិន និងថ្នាលបណ្តុះកូនឈើ។លោកសង្ឃឹមថាក្រោយឆ្លងកាត់ការអប់រំបេតិកភណ្ឌនេះរួច សិស្សានុសិស្សនឹងបានយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្លះៗនៃរមណីយដ្ឋានប្រាសាទកោះកេរ ជំនឿអរូបី និងស្វែងយល់ពីតម្លៃនៃព្រៃឈើក្នុងតំបន់។
យោងតាមរបាយការណ៍របស់នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ គិតចាប់ពីឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៦នេះ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយអំពីតម្លៃនៃបេតិកភណ្ឌនេះនៅរមណីយដ្ឋានប្រាសាទកោះកេរ ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២ មានអ្នកចូលរួមសរុប២៣៥នាក់។