3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

កសិករភូមិធម្មជាតិសម្តេចតេជោ ទទួលបានបច្ចេកទេសភ្ញាស់កូនមាន់ និងថែរក្សាកូនមាន់បន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ

Thursday, March 26, 2026 00:00 AM

ប្រជាកសិករនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ទទួលបានការគាំទ្រទាំងសម្ភារៈ និងបច្ចេកទេសក្នុងការភ្ញាស់កូនមាន់ និងថែរក្សាកូនមាន់បន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ដើម្បីកាត់បន្ថយហានិភ័យជម្ងឺលើសត្វមាន់ និងបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។
ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជាមន្ត្រីសម្របសម្រួលគម្រោង នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសភ្ញាស់កូនមាន់ និងការថែរក្សាកូនមាន់បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ធ្វើឡើងនៅអគារមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិទំនប់អូរស្វាយនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ការអនុវត្តបច្ចេកទេសចិញ្ចឹមសត្វបានត្រឹមត្រូវ មិនត្រឹមតែបានជួយកាត់បន្ថយហានិភ័យនៃជម្ងឺឆ្លងលើសត្វចិញ្ចឹមនោះទេ ថែមទាំងបានធានាដល់ការកសាងប្រាក់ចំណូលរបស់កសិករកាន់តែប្រសើរឡើងថែមទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ នឹងជាគ្រូបង្គោលមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីបច្ចេកទេស បានបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ដល់កសិករជាទ្រឹស្តីអំពីរបៀបភ្ញាស់កូនមាន់ បង្ហាញពីបច្ចេកទេសធ្វើវ៉ាក់សាំង និងការចុះអនុវត្តផ្ទាល់នៅតាមផ្ទះកសិករ ដោយបង្ហាញអំពីបៀបធ្វើវ៉ាក់សាំង ចាក់វ៉ាក់សាំងលើសត្វមាន់ និងពិភាក្សាកែលម្អលើចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល កសិករដែលបានចូលរួម​ ទទួលសម្ភារៈកសិកម្មមួយចំនួនរួមមាន ម៉ាស៊ីនកិនផលិតចំណីសត្វចំនួន៣៣ ទូភ្ញាស់ស៊ុតមាន់ចំនួន២ និងបន្ទះសូឡាចំនួន២០គ្រឿង ដើម្បីបម្រើដល់វិស័យកសិកម្មប្រចាំថ្ងៃ ពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ តាមរយៈជំនួយដោយរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយធនាគាអភិវឌ្ឍន៍អាស៊ី។

Thursday, March 26, 2026