ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ និងសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះពិនិត្យនៅទីតាំងរោងបន្លែរបស់កសិករក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ដោយផ្ទាល់ បន្ទាប់ពីបានបណ្តុះបណ្តាលនិងចែករំលែកការដាំដុះដំណាំតាមបែបបច្ចេកទេសកាលពីខែមេសាឆ្នាំ២០២៦កន្លងទៅ។
តាមរយៈការបង្ហាញ និងផ្លាស់ប្តូរមតិគ្នា ឃើញថាកសិករបានដាំដុះនិងថែទាំបានល្អ ដោយគោរពតាមបទដ្ឋានបច្ចេកទេសដែលបានរៀនកន្លងមក។ ទន្ទឹមនឹងនេះដែរ គ្រូបង្គោលបានលើកទឹកចិត្តដល់កសិករឱ្យបន្តសម្អាតស្មៅក្នុងសួនដំណាំ និងចេះតែងមែកបន្ថែមទៀតដើម្បីទទួលបានទិន្នផលដំណាំខ្ពស់។ បន្ថែមពីនេះ គ្រូបង្គោលបានសំណូមពរដល់កសិករទាំងអស់ឱ្យបន្តអនុវត្តបច្ចេកទេសដាំដុះនេះ និងចេះចែករំលែកបទពិសោធន៍ដាំដុះទៅវិញទៅមកក្នុងសហគមន៍ដើម្បីភាពរីកចម្រើន
ទាំងអស់គ្នា។
សូមបញ្ជាក់ថាកម្មវិធីនេះ ជាការស្តារជីវភាពប្រជាជននៅក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដែលភៀសសឹកដោយសារជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ។