ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយ Archaeological Survey of India (ASI) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងប្រព័ន្ធរំដោះទឹក និងធនធានទឹកនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ»។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គនាយក និងលោក Hemant Meena តំណាង Archaeological Survey of India (ASI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអ្នកជំនាញមកពីអាជ្ញាធរជាតិព្រះវិហារ ASI និង ITC សរុបចំនួន ២២រូប។ ក្នុងឱកាសនេះ អ្នកជំនាញមកពី ITC បានធ្វើបទបង្ហាញចំនួន៣ប្រធានបទសំខាន់ៗ រួមមាន៖
១. «លក្ខណៈតំបន់ប្រមូលទឹក និងការអភិវឌ្ឍឧបករណ៍គំរូ» ធ្វើបទបង្ហាញដោយ លោកបណ្ឌិត ហេង សុខឆាយ និងលោកបណ្ឌិត ថា ធារ៉ា ។ ២. «ការវាយតម្លៃ និងការគ្រប់គ្រងប្រព័ន្ធរំដោះទឹក» ធ្វើបទបង្ហាញដោយ លោកបណ្ឌិត ថា ធារ៉ា និងលោកបណ្ឌិត ហេង សុខឆាយ។ ៣. «ការវាយតម្លៃ និងការគ្រប់គ្រងធនធានទឹក» ធ្វើបទបង្ហាញដោយ លោកស្រី លឹម សុខណេត និងលោកបណ្ឌិត ហេង សុខឆាយ។ នៅវគ្គរសៀល ក៏មានការបណ្តុះបណ្តាល និងអនុវត្តជាក់ស្តែងលើ Preah Vihear Hydrodynamic Model ដឹកនាំដោយលោកបណ្ឌិត ហេង សុខឆាយ លោកបណ្ឌិត ថា ធារ៉ា និងលោកស្រី លឹម សុខណេត ព្រមទាំងមានការប្រគល់របាយការណ៍លទ្ធផលសិក្សា និងឧបករណ៍គំរូជូនអាជ្ញាធរជាតិព្រះវិហារ។
កិច្ចសហការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងមូលដ្ឋានបច្ចេកទេសសម្រាប់ការគ្រប់គ្រងទឹក ការកាត់បន្ថយហានិភ័យ និងការអភិរក្សប្រាសាទព្រះវិហារប្រកបដោយចីរភាព។